សួនដំណាំជាលក្ខណៈគ្រួសារ – ការគ្រប់គ្រងជីជាតិដី

0 7,337

សួនដែលមានដំណាំដុះលូតលាស់បានល្អដោយសារដីរបស់សួនមានជីជាតិល្អដែរ។ក្នុងសួនដំណាំយើងអាចចាត់ទុកដីប្រៀបដូចជាម្តាយ ហើយដំណាំប្រៀបដូចជាទារក។ បើម្តាយមានសុខភាពល្អទារក​នោះ​ក៏មានសុខភាពល្អដែរ។ដូចគ្នាដែរ​ បើដីមានសុខភាពឬមានជីជាតិល្អ​ដំណាំក៏អាចលូតលាស់បានល្អ​ដែរ។

ចំពោះដីដែលល្អមានលក្ខណៈគេអាចសំគាល់បានដូចខាងក្រោមនេះ:

  • ដីមិនឥដ្ឋពេក មិនខ្សាច់ពេក
  • ដីដែលមាន ឬសំបូរទៅដោយជាតិ​មមោកនៅស្រទាប់ខាងលើ
  • ដីដែលមានជំរៅជ្រៅ និងផុសល្អ​ ងាយស្រួលជីក
  • ដីដែលមិនមានទឹកដក់ជាំយូរ
  • ដីដែលអាចចាប់ និងរក្សាសំណើម និងជីជាតិបានល្អ(មិនឆាប់ស្ងួតពេក)
  • ដីដែលសំបូរដោយសត្វល្អិតរស់នៅ ដូចជាជន្លេន​និងសត្វល្អិតមានប្រយោជន៍ផ្សេងៗទៀត
  • ដីដែលមានក្លិនល្អ​ និងពណ៌ក្រម៉ៅ
  • ដីដែលមានដំណាំច្រើនប្រភេទ (ជាពិសេសរុក្ខជាតិដុះឯង) ដុះលូតលាស់បានល្អ។

ដើម្បីចង់ដឹងមើលថាតើដីយើងល្អឬមិនល្អ យើងអាចចាប់ដីដែលសើមយកមកពូតមូលជាបាល់ ប្រសិនជាយើងមិនអាចពួតមូលដូចបាល់បាន ពេលនោះមានន័យថា ដីយើងខ្សាច់ពេក។ ប៉ុន្តែបើយើងពូតមូលជាបាល់បាន ហើយផ្ទាត់មិនព្រមបែក មានន័យថាដីយើងឥដ្ឋពេកហើយ។​ដីដែលមានទំរង់ល្អគឺយើងអាចពូតមូលជាបាល់បាន ហើយនៅពេលផ្ទាត់វាអាចបែកជាដុំតូចៗបានបន្តិចម្តងៗ។

ដើម្បីឲ្យបានដីល្អរបៀបនេះ គេច្រើនអនុវត្តនូវបចេ្ចកទេសខាងក្រោមនេះ៖

  • បើដីខ្សាច់ពេក គេបន្ថែមនូវដីឥដ្ឋ ឬដីដំបូកខ្លះៗ តែបើដីឥដ្ឋពេកគេអាចបន្ថែមដីខ្សាច់ខ្លះៗ
  • បើដីជាំទឹកខ្លាំងគេត្រូវធ្វើ​ប្រព័ន្ធរំដោះទឹក តាមរយៈការជីកជាកូនប្រឡាយ ឬចង្អូរនៅក្នុងសួន
  • ប្រើប្រាស់ជីធម្មជាតិ ជាពិសេសជីកំប៉ុស្ត (ជីដែលផ្សំពីជីធម្មជាតិផ្សេងៗ ហើយទុកឲ្យពុកល្អ) ដើម្បីឲ្យដីផុស និងអាចរក្សាសំណើមបានល្អ
  • គេមិនដាំដំណាំមុខដដែលៗលើដីដដែលទេ គឺគេឆ្លាស់មុខដំណាំតាមរដូវ​(ដំណាំបង្វិល)
  • គេដាំដំណាំ ជីស្រស់បៃតង ដើម្បីយកស្លឹកធ្វើជាជីដល់ដី
  • គេគ្របដីជាប្រចាំដើម្បីការពារដីពីការរងនូវកំដៅថ្ងៃខ្លាំងដើម្បីរក្សាសំណើមក្នុងដីឲ្យបានល្អនិងការ​ពារនូវការហូរសឹកនូវស្រទាប់ដីខាងលើ
  • គេមិនប្រើជីគីមី និងថ្នាំពុលទេ ពីព្រោះវានាំឲ្យប៉ះពាល់ដល់សត្វល្អិតដែលរស់នៅក្នុងដី(ឧទាហរណ៍ ជន្លេន)
  • ការកាប់គាស់ដី ដោយមិនត្រឡប់នូវដីជីខាងលើមកក្រោម គឺគេគ្រាន់តែបំផុសដីតែប៉ុណ្ណោះ ដើម្បីឲ្យដីរបស់សួនអ្នកមានជីជាតិល្អជាប់ជានិច្ច​​វាទាមទារឲ្យអ្នកអនុវត្តផ្គុំចូលគ្នា្ននូវគោលការណ៍និងគំនិ​​ត​

ដូចខាងលើនេះចូលគ្នាឲ្យបានល្អជាពិសេសការប្រើប្រាស់ជីកំប៉ុស្តការគ្របដីនិងការរៀបចំអោយមានប្រព័ន្ធបង្ហូរទឹក។

បណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...