សួនដំណាំជាលក្ខណៈគ្រួសារ – សេចក្តីផ្តើម

0 9,444

សេចក្តីផ្តើម

ជាទូទៅនៅជុំវិញផ្ទះ គ្រួសារកសិករតែងតែមានទីធ្លាដែលអាចប្រើប្រាស់សម្រាប់ជាសួនដំណាំ គ្រួសារ ឬសួនគ្រួសារដែលក្នុងនោះមាន បន្លែ ឈើហូបផ្លែ ក៏ដូចជាដំណាំរួមផ្សំផ្សេងៗទៀត។

សួនគ្រួសារមានសារៈសំខាន់សម្រាប់គ្រួសារនីមួយៗដូចជា៖

  • ផ្តល់ស្បៀងអាហារ (បន្លែ ផ្លែឈើ) សម្បូរទៅដោយសារធាតុចិញ្ចឹមសម្រាប់ផ្គត់ផ្គង់តម្រូវការ ប្រចាំថ្ងៃរបស់គ្រួសារ
  • ផ្តល់ចំណីសត្វ
  • ផលិតផលលើស អាចលក់ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ
  • ផ្តល់នូវផលបន្ទាប់បន្សំផ្សេងទៀត ដូចជាផ្នែកផ្សេងៗនៃរុក្ខជាតិ ដែលអាចយកមកធ្វើជា ថ្នាំបូរាណ និងផ្តល់ជាអុសសម្រាប់ដុត
  • ផ្តល់ការងារដល់សមាជិកគ្រួសារ
  • ធ្វើឲ្យទិដ្ឋភាពជុំវិញផ្ទះមានភាពស្រស់បំព្រង។

ដើម្បីឲ្យសួនដំណាំរបស់អ្នកបំពេញនូវតួនាទីខាងលើនេះបាន អ្នកត្រូវបង្កើតឲ្យមានសួនដ៏ល្អមួយ។

ហើយសួនដែលល្អមានលក្ខណៈសម្គាល់សំខាន់ៗដូចខាងក្រោមនេះ៖

  • អាចឲ្យអ្នកប្រមូលផលបានច្រើនប្រភេទ ជាពិសេសបន្លែនិងផ្លែឈើសំបូរដោយសារធាតុចិញ្ចឹមដល់រាងកាយ។
  • អាចឲ្យអ្នកប្រមូលផលបានគ្រប់រដូវទាំងប្រាំងនិងវស្សា
  • ដីមានជីជាតិល្អជានិច្ច ដោយមិនខ្សោះជីជាតិ និងបំពុលដោយសារធាតុគីមីទេ
  • ជាកន្លែងប្រកបដោយផាសុខភាព គ្មានក្លិនជាតិពុលដូចជា ថ្នាំពុល និងជីគីមី។

ប៉ុន្តែសួនដែលល្អ វាមិនកើតឡើងដោយឯកឯងទេ ពោលគឺទាមទារឲ្យមានការគ្រប់គ្រង និងថែរក្សា ឲ្យបានល្អ។

ដើម្បីជំនួយដល់លោកអ្នកក្នុងការរៀបចំ និងគ្រប់គ្រងសួនដំណាំឲ្យបានល្អ យើងខ្ញុំសូមធ្វើការ បង្ហាញពីគំនិត និងបទពិសោធន៍ខ្លះៗដែលមានរៀបរាប់ក្នុងកូនសៀវភៅនេះ។

កូនសៀវភៅនេះមានចែកជា ៣ផ្នែកសំខាន់ៗ។ ទី១ យើងធ្វើការណែនាំនូវគោលការណ៍និងគំនិត សំខាន់ៗសម្រាប់កែលំអសួនដំណាំ។ ចំណែកទី២វិញ មានការបង្ហាញពីបច្ចេកទេសសាមញ្ញៗមួយចំនួន សម្រាប់លោកអ្នកយកទៅសាកល្បង។ នៅផ្នែកទី៣ យើងមានបង្ហាញនូវឧទាហរណ៍ខ្លះៗរបស់កសិករ ដែលអនុវត្តការដាំដុះ និងថែរក្សាដំណាំបន្លែ និងឈើហូបផ្លែបានល្អ។ (នៅមានភាគបន្ត)

បណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...