ស្រុកខ្មែរសម្បូរសប្បាយ តាមរយៈសេដ្ឋីស្រុកស្រែ

0 84,539

ស្រុកខ្មែរ មានសក្តានុពលខ្ពស់ខាងវិស័យកសិកម្ម ដូចជាមានដីកសិកម្មជាង ៦លានហិចតា សម្រាប់ប្រជាពលរដ្ឋ១៥លាននាក់ និងទឹកដីកសិកម្មខ្មែរ អំណោយផលដល់ការដាំដុំកសិផល ជាច្រើនដែលមានតម្រូវការលើទីផ្សារជាតិ និងអន្តរជាតិ ដូចជាស្រូវអង្ករ ស្វាយចន្ទី ស្វាយ ម្រេច កាហ្វេ រមៀត ផ្លែឈើ និងបន្លែផ្សេងៗ ត្រី ។ល។

កន្លងមក កសិករខ្មែរមិនទាន់អាចប្រើប្រាស់សក្តានុពលធម្មជាតិនេះបានល្អប្រសើរ ដោយមាន ការខ្វះខាតការគាំទ្រខាងទុន ទឹក ទីផ្សារ និងបច្ចេកទេស។ ដោយសារការខ្វះខាតនេះ ធ្វើឲ្យ កម្ពុជាបាត់បង់ចំណូល និងការងារជាច្រើន តាមរយៈការនាំចូលកសិផល និងសម្ភារៈកសិកម្ម ពីក្រៅប្រទេស និងការទទួលបានចំណូលតិចតួចពីការនាំចេញកសិផលនៅក្រៅប្រទេស។

ដើម្បីឲ្យវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្មកែច្នៃកសិផល និងពាណិជ្ជកម្មកសិកម្ម មានការ រីកចម្រើនចូលរួមចំណែកកសាងសេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋបានរាប់លាន នាក់ កម្ពុជាត្រូវការធ្វើការគាំទ្រគ្រួសារចំនួន១លានគ្រួសារ (ប្រមាណ៤០%ភាគរយនៃចំនួន គ្រួសារកសិករសរុប) ឲ្យក្លាយជាកសិករអាជីព ដែលទទួលបានចំណូលខ្ពស់ពីការផលិតដើម្បី ទីផ្សារ។

កម្ពុជា​ ត្រូវរៀបចំឲ្យមានកម្មវិធីជាតិមួយ ដើម្បីគាំទ្រដល់គ្រួសារកសិករ ដើម្បីអភិវឌ្ឍខ្លួនក្លាយជា កសិករជោគជ័យក្នុងអាជីពកសិកម្ម ដែលមានឈ្មោះថា «សេដ្ឋីស្រុកស្រែ»។ «សេដ្ឋីស្រុកស្រែ» ជាកសិករដែលជោគជ័យ ក្នុងការផលិតផ្សាភ្ជាប់មកទីផ្សារ រកប្រាក់ចំណូលបានជាមធ្យម ៥០លានរៀល ហើយបង្កើតការងារជូនគ្រួសារ និងសហគមន៍បាន៥នាក់។

កម្មវិធីជាតិនេះ មានរយៈពេល១០ឆ្នាំសម្រាប់គាំទ្រកសិករ ដែលមានសក្តានុពល១លានគ្រួសារ ឲ្យក្លាយជាសេដ្ឋីស្រុកស្រែតាមរយៈការធានាឲ្យគ្រួសារកសិករទទួលបានទុន ទឹក ទីផ្សារ និង បច្ចេកទេសកសិកម្ម និងការទំនាក់ទំនងសហការគ្នាល្អ (ឬទ៥)។

វិធានការ និងសកម្មភាពសំខាន់ៗរបស់កម្មវិធីជាតិនេះ បានរាយរាប់សង្ខេបដូចខាងក្រោមនេះ៖

  1. រៀបចំឲ្យមានមន្ត្រីជំនាញខាងអភិវឌ្ឍកសិករចំនួន៥០០០នាក់ (១ឃុំ ២ទៅ៥នាក់ ទៅ តាមទំហំឃុំ) ដោយមន្ត្រីជំនាញ ១នាក់ជាមធ្យមធ្វើការជាមួយគ្រួសារកសិករប្រមាណ ២០០នាក់ ដើម្បីពង្រឹងសមត្ថភាពគ្រួសារកសិករឲ្យផលិតឆ្លើយតបទៅនិងតម្រូវការ ទីផ្សារ ទាំងបរិមាណ និងគុណភាព ធ្វើការសម្របសម្រួលកសិករអ្នកផលិតក្នុងការ ចងក្រងជាសហគមដើម្បីងាយស្រួលទទួលបានទុន និងផ្សាភ្ជាប់មកទីផ្សារ។ ក្រៅពីនេះ កម្មវិធីជាតិ នឹងមានគាំទ្រដល់យុវជនយុវនារី ក្នុងការចាប់ផ្តើមមុខរបរកិសកម្ម សិប្បកម្ម និងពាណិជ្ជកម្មកសិកម្ម ដោយយុវសហគ្រិននិមួយៗទទួលបានទុនចំណងដៃចំនួន៥ លានរៀលពេលចាប់ផ្តើមដំបូង។
  2. សហគមន៍កសិករអ្នកផលិតនិមួយៗ នឹងទទួលបានការគាំទ្រ ក្នុងការរៀបចំឲ្យមានកន្លែង ប្រមូលផ្តុំ សម្ងួត ស្តុកទុកផលិតផល និងទទួលបានទុនបង្វិលសម្រាប់ដំណើរការ។ នៅ រដូវប្រមូលផល កសិករជាសមាជិក អាចយកផលិតផលមកស្តុកទុកនៅឃ្លាំង សហគមន៍ ហើយទទួលបានប្រាក់មុនចំនួន២៥% ដែលប្រាក់នោះ នឹងទូទាត់នៅពេលកសិផលបាន លក់ទៅកាន់ទីផ្សារទៅតាមតម្លៃ ដែលសមាជិកឯកភាព។ ការធ្វើរបៀបនេះ ដើម្បីជួយ សម្រួលដល់កសិករ មិនឲ្យបង្ខំលក់ផលិតផលពេលរដូវច្រូតកាត់ភ្លាមៗ ក្នុងតម្លៃថោក និងងាយស្រួលប្រមូលផ្តុំផលិតផលផ្គត់ផ្គង់មកទីផ្សារ។
  3. មន្ត្រីជំនាញអភិវឌ្ឍកសិករ ក៏នឹងជួយគាំទ្រឲ្យគ្រួសារកសិករមានសមត្ថភាពទទួលបាន ឥណទានកសិកម្ម យកទៅប្រើប្រាស់សម្រាប់ការអភិវឌ្ឍកសិដ្ឋាន។ គ្រួសារកសិករ អ្នកផលិតនិមួយៗ អាចទទួលបានប្រាក់កម្ចីចំនួន ២៥លានរៀល ដោយអត្រាការប្រាក់ ០,៥%ក្នុង១ខែ ហើយរយៈពេលសងត្រឡប់៥ឆ្នាំ។
  4. មន្ត្រីជំនាញទាំង៥០០០នាក់នេះ នឹងធ្វើការសម្របសម្រួលកសិករ និងសហគមន៍ឲ្យ ទទួលបាននូវកិច្ចសន្យា និងការសហការល្អជាមួយក្រុមហ៊ុន ដើម្បីធានាថា កសិករ មាន ទីផ្សារល្អ ហើយក្រុមហ៊ុនទទួលបានកសិកផលល្អគ្រប់គ្រាន់សម្រាប់តម្រូវការទីផ្សារ។
  5. រដ្ឋាភិបាល ក៏ធ្វើការគាំទ្របន្ថែមដល់សិប្បករ សហគ្រាស និងក្រុមហ៊ុនដែលធ្វើការកែច្នៃ ផលិតផលកសិកម្ម និងនាំចេញកសិផលខ្មែរទៅក្រៅប្រទេស តាមរយៈការផ្តល់កម្មវិធី ឥណទាន ពិសេសដែលមានការប្រាក់ ០,៥%ក្នុង១ខែ ការគាំទ្រលើការនាំចេញ ទៅកាន់ ទីផ្សារអន្តរជាតិតំបូង ដើម្បីកុំឲ្យមានបន្ទុកចំណាយខ្ពស់ និងការលើកលែងពន្ធរយៈពេល ៥ឆ្នាំ​ សម្រាប់ក្រុមហ៊ុន និងសហគ្រាសបង្កើតដំបូង។ ការគាំទ្ររបស់រដ្ឋាភិបាល គឺជួយធ្វើ យ៉ាងណាឲ្យ សហគ្រិនខ្មែរមានសមត្ថភាពគ្រប់គ្រាន់ប្រកួតជាមួយបរទេស និងបង្កើន សមត្ថភាពកម្ពុជាក្នុងការនាំចេញនូវទំនិញកែច្នៃ ដែលជួយលើកស្ទួយតម្លៃ និងការងារ ក្នុងស្រុក។
  6. រដ្ឋាភិបាល ក្នុងកិច្ចសហការជាមួយសមាគមកសិករអ្នកផលិត និងសហគ្រាសពាក់ព័ន្ធ នឹងរួមគ្នាលើកស្ទួយកេរ្តិ៍ឈ្មោះផលិតផលខ្មែរ តាមតំបន់និមួយៗ នៅលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ការតាំងពិពណ៌ មូលដ្ឋាន ពិពណ៌ថ្នាក់ជាតិ និងអន្តរជាតិ។
  7. ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយថ្លៃដើមផលិត និងកែច្នៃ រដ្ឋាភិបាលក៏ធ្វើការគាំទ្រ ដល់សហគ្រាស និងរោងចក្រផលិតជីក្នុងស្រុក ផលិតគ្រឿងយន្ត និងឧបករណ៍កសិកម្ម ផ្សេងៗ សិប្បកម្មដែលកែច្នៃមាននៅតាមទីក្រុង និងទីប្រជុំជន ដើម្បីធ្វើជាជីធម្មជាតិ និង ត្រូវទទួលការឧបត្ថម្ភធនធានពីរដ្ឋាភិបាល។ រដ្ឋាភិបាល ក៏ចូលរួមចំណែកក្នុងការកាត់ បន្ថយការចំណាយលើផ្នែកអគ្គិសនីឲ្យទាប មកនៅត្រឹម ១គីឡូវ៉ាត់ ៥០០រៀល សម្រាប់ ការប្រើក្នុងវិស័យកសិកម្ម និងការកែច្នៃ កសិផល។ រាល់ការទារលុយ ឬការបង់លុយ បន្ថែម (សេវាក្រៅ) លើការដឹកជញ្ជូន កសិផល ក៏ត្រូវលុបបំបាត់ចោល ហើយអ្នកដែល ទារលុយពីការដឹកជញ្ជូនតាមផ្លូវ សាធារណៈ នឹងត្រូវទទួលទោសតាមច្បាប់។

តាមរយៈ វិធានការណ៍សំខាន់ៗ ដូចរាយរាប់ខាងលើ យើងជឿជាក់ថា កសិករចំនួន១លាន គ្រួសារ អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិត ដែលទទួលបានប្រាក់ចំណូលខ្ពស់ គឺជា មធ្យមមួយគ្រួសារទទួលបាន៥០លានរៀលក្នុង១ឆ្នាំ និងបង្កើតការងារជូនសមាជិកគ្រួសារ និងសង្គមជាតិបាន៥លាននាក់។ កសិករ ១លានគ្រួសារនេះ នឹងក្លាយជាកម្លាំងចលកររុញឲ្យ វិស័យផ្សេងៗទៀតមានភាពរីកចម្រើន ជាពិសេសសេដ្ឋកិច្ច ជនបទរីកចម្រើន កាត់បន្ថយគម្លាត រវាងអ្នកមាន និងអ្នកក្រព្រមទាំងរវាងទីក្រុង និងជនបទ។

កម្មវិធីជាតិនេះ ទទួលបានជោគជ័យត្រូវការធនធានមនុស្សប្រមាណ ៦៥០០នាក់ ក្នុងនោះ៖

  1. ៥០០០នាក់ ធ្វើការជាមួយកសិករអ្នកផលិត
  2. ៥០០នាក់ ធ្វើការជាមួយក្រុមហ៊ុន និងសហគ្រាសពាក់ព័ន្ធកសិកម្ម
  3. ៥០០នាក់ ធ្វើការជាមួយកសិករវ័យក្មេង
  4. ៥០០នាក់ សម្រាប់ការងារគាំទ្រផ្សេងៗ។

កម្មវិធីនេះ ត្រូវការថវិកាជាតិប្រមាណ ២០០០លានដុល្លារក្នុងរយៈពេល៥ឆ្នាំដំបូង៖

  1. ឆ្នាំទី១៖ ៣០០លានដុល្លារ
  2. ឆ្នាំទី២៖ ៤០០លានដុល្លារ
  3. ឆ្នាំទី៣៖ ៥០០លានដុល្លារ
  4. ឆ្នាំទី៤៖ ៦០០លានដុល្លារ
  5. ឆ្នាំទី៥៖ ៧០០លានដុល្លារ

ថវិកាចំណាយ សម្រាប់កម្មវិធីសេដ្ឋីស្រុកស្រែប្រចាំឆ្នាំ អស់ប្រមាណតែ៥%នៃថវិកាជាតិសរុប នាពេលបច្ចប្បន្ន។ ម្យ៉ាងវិញទៀត ក្នុងចំណោមថវិកាសរុប២០០០លានដុល្លារ គឺ១២០០លាន (ឬ៦០%)ជាទុនកម្ចីដែលរដ្ឋាភិបាលអាចទទួលមកវិញ។ ចាប់ពីឆ្នាំទី៦ទៅ រដ្ឋត្រូវចំណាយ យ៉ាងច្រើនបំផុត១០០លានដុល្លារក្នុង១ឆ្នាំ ដោយការចំណាយលើការវិនិយោគក្នុងរូបភាពជា ឥណទានកម្ចីលែងមានទៀត គឺមានតែការប្រមូលទុនកម្ចីមកវិញបន្តិចម្តងៗ។

ថវិកា ដើម្បីទ្រទ្រង់ការងារនេះ មានបីប្រភពសំខាន់ៗ៖

  1. ៥០% បានពីចំណូលថវិកាជាតិ ដែលប្រមូលបានពីពន្ធដារ និងមិនមែនពន្ធដារ
  2. ២៥% បានពីបដិភាគពីប្រទេសជាដៃគូអភិវឌ្ឍ
  3. ២៥% បានពីកម្ចីការប្រាក់១%ក្នុងមួយឆ្នាំ ផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។

បណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...