មេរៀនពីការបោះឆ្នោតជាតិឆ្នាំ២០០៨

0 9,810

តាំងពីឆ្នាំ១៩៩៣ ដល់២០១៣ កម្ពុជាបានរៀបចំការបោះឆ្នោតរាល់៥ឆ្នាំម្តង ដែលសរុបបាន ចំនួន៥ដងហើយ។ ការបោះឆ្នោត សម្រាប់អាណត្តិទី៦នេះ នឹងរៀបចំនៅថ្ងៃទី២៩ កក្កដា ២០១៨។ ក្នុងចំណោមការបោះឆ្នោតទាំង៥ដងកន្លងមក ការបោះឆ្នោតនៅឆ្នាំ២០០៨ ដែល គណបក្សប្រជាជន ទទួលបានសំឡេងឆ្នោតចំនួនជាង៥៨% ដែលការបោះឆ្នោត៤លើកផ្សេងៗ ទៀតគណបក្សនេះ មិនដែលបានទទួលសំឡេងគាំទ្រពីប្រជាពលរដ្ឋលើសពី៥០%។ អ្វី ដែលពិសេសទៀតគឺគណបក្សប្រជាជន បានទទួលរហូតដល់៩០អាសនៈ ក្នុងចំណោម១២៣អាសនៈ ដែលជាចំនួនអាសនៈលើសពីចំនួន២/៣ដែលត្រូវការ សម្រាប់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ កត្តាសំខាន់ពីរ ដែលនាំឲ្យគណបក្សប្រជាជនទទួលបានជោគជ័យរបៀបនេះគឺ៖

  1. គណបក្ស ដែលចូលរួមប្រកួតប្រជែងជាមួយគណបក្សប្រជាជនបែកជាបក្សចំនួន៤ មាន គណបក្សសម រង្ស៊ី គណបក្សសិទ្ធិមនុស្ស គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឬទ្ធិ។ ការបែកជា៤ តាមពិតមិនសូវជាបញ្ហាធំទេ តែបញ្ហាគឺត្រង់គណបក្សទាំង៤ នេះ ធ្វើការវាយប្រហារគ្នា លាបពណ៌គ្នាទៅវិញទៅមក។
  2. ភាគរយនៃប្រជាពលរដ្ឋទៅបោះឆ្នោត មានតែប្រមាណ៧៤% គឺទាបជាងឆ្នាំ២០០៣ ឆ្នាំ១៩៩៨ និងឆ្នាំ១៩៩៣។

ឈរលើមេរៀននៅឆ្នាំ២០០៨ គណបក្សនយោបាយ និងប្រជាពលរដ្ឋដែលមាននិន្នាការចង់បាន ការផ្លាស់ប្តូរ គួរតែអនុវត្តនូវចំណុចសំខាន់ៗចំនួន២ ដូចខាងក្រោមនេះ៖

  1. គណបក្ស ដែលប្រកួតប្រជែងជាមួយគណបក្សប្រជាជន មិនត្រូវវាយប្រហារគ្នា លាប ពណ៌គ្នាទៅវិញទៅមកទេ គឺខំប្រឹងប្រែងផ្សព្វផ្សាយតែពីគណបក្សខ្លួនឯងបានហើយ
  2. ប្រជាពលរដ្ឋ ដែលមាននិន្នាការចង់បានការផ្លាស់ប្តូរ សូមនាំគ្នាទៅបោះឆ្នោតឲ្យបាន គ្រប់ៗគ្នា និងចូលរួមសង្កេតការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរល្អប្រសើរមួយ។

ការចូលរួមការបោះឆ្នោតនិងសង្កេតការបោះឆ្នោត នឹងចូលរួមចំណែកឲ្យប្រជាធិបតេយ្យ សេរីពហុបក្ស មានភាពរស់រវើកនៅកម្ពុជាជាទីស្រឡាញ់របស់យើង។ ហើយអ្វីជាពិសេស ថែមទៀត គឺអ្នកនយោបាយ និងអ្នកគាំទ្រគណបក្សនយោបាយ ឈប់វាយប្រហារគ្នា និងឈប់ លាបពណ៌គ្នាទៅវិញទៅមក ដោយផ្តោតតែលើការប្រកួតប្រជែង គោលនយោបាយ ល្អៗ។  យើងរួមគ្នាចូលប្រឡូកក្នុងកិច្ចការនយោបាយ ដើម្បីផលប្រយោជន៍សាធារណៈ មិនមែន ដើម្បីផលប្រយោជន៍បុគ្គលណាមួយ ឬក្រុមណាមួយទេ។ យើង ត្រូវចាត់ទុកថា ការឈ្នះចាញ់ ជារឿងធម្មតា សំខាន់គឺរាល់ការបោះឆ្នោត ប្រជាពលរដ្ឋខ្មែរ និងជាតិខ្មែរទាំងមូលជាអ្នកឈ្នះ តាមរយៈការទទួលបានគោលនយោបាយល្អ ការដឹកនាំប្រទេសកាន់តែល្អប្រសើរថែមទៀត។

ការរៀនរស់នៅជាមួយគ្នាតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សប្រសើរជាងត្រឡប់ទៅរកសង្គមដឹកនាំបែបឯកបក្ស។

Comments
Loading...