តើស្រុកខ្មែរជាប្រទេសសម្បូរសប្បាយកម្រិតណា?

0 20,420

នៅឆ្នាំ២០១៧ វិទ្យាស្ថាន Legatum Institute ដែលមានទីតាំងនៅប្រទេសអង់គ្លេស បានបោះពុម្ព ផ្សាយរបាយការណ៍ស្តីពី ភាពរុងរឿងសម្បូរសប្បាយរបស់ពិភពលោក (Prosperity Index) ដោយយោងទៅលើការសិក្សាស្រាវជ្រាវចំនួន១៤៩ប្រទេស ដែលក្នុងនោះមានប្រទេសកម្ពុជា មួយដែរ។ របាយការណ៍នេះ បានធ្វើចំណាត់ថ្នាក់កម្ពុជាឲ្យជាប់លេខ៩៣ ក្នុងចំណោម១៤៩ ប្រទេស។ បើប្រៀបធៀបទៅឆ្នាំ២០១៦ កម្ពុជាធ្លាក់ចុះចំនួន២លេខ ដោយសារការថយចុះនៃពិន្ទុ ទាក់ទងអភិបាលកិច្ចល្អ តែបើប្រៀបធៀបកាលពី១០ឆ្នាំមុន បានកើនឡើងចំណាត់ថ្នាក់ចំនួន២១ ដែរ។

ការសិក្សាវាយតម្លៃលើភាពសម្បូរសប្បាយរបស់ប្រទេសនិមួយៗ ឈរលើលក្ខខណ្ឌសំខាន់ៗ ដែលសរុបចូលគ្នា ដែលគេហៅថា សរសរចំនួន៩ (Pillars) មានដូចជា៖

  1. គុណភាពសេដ្ឋកិច្ច (Economic Quality)
  2. បរិយាកាសធ្វើជំនួញ (Business Environment)
  3. អភិបាលកិច្ច (Governance)
  4. អប់រំ (Education)
  5. សុខាភិបាល (Health)
  6. សុវត្ថិភាព និងសន្តិសុខ (Safety and Security)
  7. សេរីភាពបុគ្គល (Personal Freedom)
  8. ទុនសង្គម (Social Capital)
  9. បរិស្ថានធម្មជាតិ (Natural Environment)

ប្រទេស ដែលមានភាពរុងរឿងសម្បូរសប្បាយជាងគេលើពិភពលោក ចំនួន១០ (ពីលេខ១ ដល់ លេខ១០) មានដូចជា៖

  1. ន័រវ៉េ (Norway)
  2. ញ៉ូហ្សឺឡែន (New Zealand)
  3. ហ្វាំងឡង់ (Finland)
  4. ស្វីស (Switzerland)
  5. ស៊ុយអែត (Sweden)
  6. ហូឡង់ (Netherland)
  7. ដាណាម៉ាក (Denmark)
  8. កាណាដា (Canada)
  9. អូស្ត្រាលី (Australia)
  10. ព្រះរាជាណាចក្ររួម (អង់គ្លេស ស្កុតឡែន វ៉េល និងអៀឡង់ខាងជើង) (United Kingdom)

នៅតំបន់អាស៊ី ប្រទេសដែលជាប់លេខល្អមានដូចជា សិង្ហបុរី(លេខ១៧) ជប៉ុន(លេខ២៣) ហុងកុង(លេខ២៤)។

ក្នុងចំណោមចំណុចគោលទាំង៩ធំ កម្ពុជាមានលេខល្អដែរខាងគុណភាពសេដ្ឋកិច្ច (លេខ៥១) តែលេខដែលអន់ខ្លាំងគឺខាងអភិបាលកិច្ច(លេខ១២៤) សុខាភិបាល(១០៤) និងបរិស្ថានធម្មជាតិ (លេខ១០០)។ ដោយឡែក ក្នុងចំណោមប្រទេសអាស៊ាន ប្រទេសឥណ្ឌូនេស៊ី(លេខ៥៩) ហ្វីលីពីន (លេខ៦៤) ប្រទេសថៃ(លេខ៦៧) ប្រទេសវៀតណាម(លេខ៧៧) និងប្រទេសឡាវ(លេខ១០៨)។ មានតែប្រទេសឡាវទេ ដែលមានលេខអន់ជាងខ្មែរ។ ចំណែកប្រទេសថៃ​ទទួលបានចំណាត់ថ្នាក់ មិនល្អ ដោយទាក់ទងទៅនិងបញ្ហាជុំវិញរឿងសេរីភាពបុគ្គល(លេខ១២៤) និងអភិបាលកិច្ច (លេខ៩៨)។

ជារួម ចំណុចសំខាន់ៗទាក់ទងទៅនិងភាពរុងរឿងសម្បូរសប្បាយរបស់ជាតិ អាចជាការជួយ តម្រង់ទិសដល់អ្នកដឹកនាំប្រទេស ក្នុងការរៀបចំ និងអនុវត្តគោលនយោបាយ ក៏ដូចជាវាស់វែង នូវលទ្ធផល ឬភាពជោគជ័យរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងការកសាងជាតិ។ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋានបានយកចំណុចគោលទាំង៩នេះជាមូលដ្ឋានគ្រឹះ នៃការរៀបចំ «គោលនយោបាយ ស៥» សម្រាប់ចូលរួមប្រកួតការបោះឆ្នោតជាតិ២០១៨ខាងមុខនេះ។

Comments
Loading...