បន្តជំពូកនយោបាយចាស់ ឬផ្តើមជំពូកនយោបាយថ្មី ?

0 46,152

បន្ទាប់ពីចំណាយពេលប្រមាណ២០ឆ្នាំធ្វើសង្គ្រាមស៊ីវិល ភាគីនយោបាយខ្មែរទាំងអស់ បានឯកភាពគ្នា តាមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស១៩៩១ចូលរួមប្រកួតប្រជែងតាម គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស រហូតដល់ឈានទៅដល់ការបោះឆ្នោតជាតិ ដែលរៀបចំដោយអង្គការសហប្រជាជាតិនាខែឧសភា ឆ្នាំ១៩៩៣។

របបប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានរដ្ឋាភិបាលចម្រុះ (ពហុបក្ស) និងសភាពហុបក្ស បានកើតមានឡើង។ ការវិវឌ្ឍនៃស្ថានភាពនយោបាយ និងតុល្យភាពអំណាចនៅកម្ពុជា មានរាយរាប់សង្ខេបដូចខាងក្រោមនេះ៖

  1. ក្រោយការបោះឆ្នោតនៅឆ្នាំ១៩៩៣ ប្រទេសកម្ពុជាមានរដ្ឋាភិបាលពហុបក្ស និងសភាពហុបក្ស ដែលគណបក្សហ៊្វុនស៊ិនប៉ិច (FUNCINPEC មកពីពាក្យពេញ រណសិរ្សបង្រួបបង្រួមជាតិដើម្បីកម្ពុជាឯករាជ្យ អព្យាក្រិត សន្តិភាព និងសហប្រតិបត្តិការ)ជាគណបក្សឈ្នះឆ្នោត។ ក៏ប៉ុន្តែគណបក្សហ៊្វុនស៊ិនប៉ិច ចាប់ផ្តើមបែកជា២ ដោយលោកសម រង្ស៊ី មកបង្កើតបក្សថ្មីឈ្មោះគណបក្សជាតិខ្មែរ នៅឆ្នាំ១៩៩៥ ក្រោយមកប្តូរឈ្មោះមកជាគណបក្សសមរង្ស៊ី។ គណបក្សប្រជាធិបតេយ្យសេរីព្រះពុទ្ធសាសនា (BLDP) ដែលជាដៃគូរបស់គណបក្សហ៊្វុនស៊ិនប៉ិចកាលពីជំនាន់តស៊ូ ត្រូវបានបែកជា២ដែរនៅមុនពេលបោះឆ្នោតនៅឆ្នាំ ១៩៩៨។
  2. ការដូររូបមន្តគណនាការបែងចែកអាសនៈ នៅខែឧសភាឆ្នាំ១៩៩៨ ដោយរូបមន្តថ្មី (រូបមន្ត Jefferson) មិនអំណោយផលដល់គណបក្សតូចៗ ក្នុងការទទួលបានអាសនៈដូចកាល ការបោះឆ្នោតរៀបចំដោយអ៊ុនតាក់ (UNTAC)​នៅឆ្នាំ១៩៩៣ (រូបមន្ត Ballinski/Young)។ កាលនោះគ្មានគណបក្សណាមួយធ្វើការតវ៉ាពីការដូររូបមន្តទេ។
  3. ការបែកបាក់គ្នារបស់ក្រុមអ្នកនយោបាយ ដែលប្រកួតប្រជែងជាមួយគណបក្សប្រជាជន ជាពិសេសរវាងគណបក្សហ៊្វុនស៊ិនប៉ិច ជាកម្លាំងធំៗ២ នាំឲ្យគណបក្សប្រជាជនឈ្នះឆ្នោត តែបើបូកសំឡេងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសមរង្ស៊ីចូលគ្នា សំឡេងឆ្នោតនៅតែលើសគណបក្សប្រជាជន។ លទ្ធផលបោះឆ្នោត ១៩៩៨
    • គណបក្សប្រជាជន៖ ២,០៣លានសំឡេង (៤១,៤%) = ៦៤អាសនៈ
    • គណបក្សហ្វុនស៊ិនប៉ិច៖ ១,៥៥លានសំឡេង (៣១,៧%) = ៤៣អាសនៈ
    • គណបក្សសមរង្ស៊ី៖ ០,៦៩លានសំឡេង (១៤,៣%) = ១៥អាសនៈ
    • គណបក្សហ៊្វុនស៊ិនប៉ិច + គណបក្សសមរង្ស៊ី = ២,១៤លានសំឡេង (៤៦,០%) = ៥៨អាសនៈ

ដោយសារការដូររូបមន្តគណនាការបែងចែកអាសនៈ ទោះបីគណបក្សប្រជាជន បានសំឡេងតិចជាងសំឡេងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសមរង្ស៊ី ក៏នៅទទួលបាន អាសនៈច្រើនជាង៦អាសនៈ។ ដោយឡែកគណបក្សសឺន សាន (អតីត BLDP) មិនបានទទួលអាសនៈដូចកាលពីឆ្នាំ១៩៩៣ទេ។ លោក កឹម សុខា ដែលជាអ្នកនយោបាយ សំខាន់មួយរបស់គណបក្សសឺនសាន ក៏បានចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ពី​ឆ្នាំ១៩៩៩ ដល់២០០១។

តែទោះជាឈ្នះឆ្នោតក៏ដោយ ក៏គណបក្សប្រជាជនត្រូវសហការជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ (រដ្ឋាភិបាលពហុបក្ស) ពីព្រោះចំនួនអាសនៈរបស់គណបក្សប្រជាជន​ មិនបានគ្រប់២/៣។

  1. នៅឆ្នាំ២០០៣ សភាពហុបក្ស និងរដ្ឋាភិបាលពហុបក្សបន្តទៀត ដោយគណបក្សប្រជាជន ទទួលបាន៧៣អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច២៦អាសនៈ និងគណបក្សសមរង្ស៊ី២៤ អាសនៈ។ នៅខែមីនា ២០០៦ លោកសម រង្ស៊ី និងសម្តេចហ៊ុន សែន សហការគ្នាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយដូរគោលការណ៍ និងការសម្រេចចិត្ត ក្នុងសភាក្នុងការរៀបចំរដ្ឋាភិបាល និងអនុម័តច្បាប់ផ្សេងៗពី ២/៣ មក ៥០%+១វិញ។ ក្រោយវិសោធនកម្ម​រដ្ឋធម្មនុញ្ញ គណបក្សប្រជាជនលែងត្រូវការសំឡេង គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីបង្គ្រប់​ទៀតហើយ ដែលជាការចាប់ផ្តើមរដ្ឋាភិបាលឯកបក្ស។ នៅពេលនោះ សម្តេចក្រុមព្រះ ក៏លាលែងពីតំណែងប្រធានសភាជាតិ ហើយក៏ជាការចាប់ផ្តើមនៃការធ្លាក់ចុះនៃឥទ្ធិពល​អំណាចរបស់ព្រះអង្គនៅក្នុងគណបក្ស និងនៅក្នុងនយោបាយកម្ពុជាដែរ។
  2. នៅឆ្នាំ២០០៨ សំឡេងគណបក្សប្រឆាំងបែកបាក់គ្នាកាន់តែខ្លាំង ដោយមានការប្រកួតវាយប្រហារគ្នាទៅវិញទៅមករវាងក្រុមអ្នកនយោបាយដែលប្រកួតប្រជែងជាមួយគណបក្សប្រជាជនដូចជា៖
    • រវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស
    • រវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សនរោត្តមរណឬទ្ធិ

ការបែកបាក់ និងការវាយប្រហារគ្នារវាងក្រុមប្រឆាំង ដែលតែងតែអះអាងខ្លួនថាជា អ្នកប្រជាធិបតេយ្យ បានធ្វើឲ្យប្រជាពលរដ្ឋមានការធុញថប់និងរឿងនយោបាយ ហើយខកចិត្ត ចំពោះក្រុមគណបក្សប្រឆាំងដែលធ្វើឲ្យភាគរយនៃ ប្រជាពលរដ្ឋទៅ​បោះឆ្នោតធ្លាក់ចុះមក ត្រឹមតែប្រហែល ៧០% (ឆ្នាំ២០០៣ = ៨១,៥% ឆ្នាំ១៩៩៨ = ៩៣,៧%)។ ជាលទ្ធផល គណបក្សប្រជាជន ឈ្នះបានរហូតទៅដល់ ៩០អាសនៈ គណបក្សសមរង្ស៊ីបាន ២៦អាសន គណបក្សសិទ្ធិមនុស្សបាន៣អាសនៈ គណបក្សនរោត្តមរណឬទ្ធិបាន២អាសនៈ និង គណបក្សហ៊្វុនស៊ិនប៉ិចបានតែ២អាសនៈ។ គណបក្សប្រជាជន ដឹកនាំរដ្ឋាភិបាលឯកបក្ស ហើយមានសំឡេងលើស ២/៣ នៅក្នុង​សភាជាតិថែមទៀត។

  1. ការរួមគ្នារវាងគណបក្សសមរង្ស៊ី (SRP) និងគណបក្សសិទ្ធិមនុស្ស (HRP) ជាគណបក្សសង្គ្រោះជាតិ (CNRP) ចូលរួមការបោះឆ្នោតឆ្នាំ២០១៣ ធ្វើឲ្យសំឡេងគាំទ្រគណបក្សប្រឆាំងកើនឡើងវិញ ដោយធ្វើឲ្យ គណបក្សប្រជាជនទទួលបានតែ៦៨អាសនៈ ហើយគណបក្សសង្គ្រោះជាតិ ទទួលបាន៥៥អាសនៈ។ គណបក្សប្រជាជន បន្តដឹកនាំរដ្ឋាភិបាលឯកបក្សតាមគោលការណ៍ ៥០%+១ តែមិនមាន​សំឡេង២/៣ នៅក្នុងសភាជាតិទេ ដែលរារាំងមិនឲ្យគណបក្សប្រជាជន ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញបានទេ បើមិនមានការចូលរួមពីបក្សសង្គ្រោះជាតិ។
  2. នៅឆ្នាំ២០១៧ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន បានធ្វើវិនិសោធនកម្មច្បាប់ គណបក្សនយោបាយចំនួន២ដង ដោយប្រើសំឡេងសភា៥០%+១ ដែលវិសោធនកម្មច្បាប់ នេះ បានបង្ខំចិត្តឲ្យលោកសម រង្ស៊ី លាលែងពីប្រធានបក្សសង្គ្រោះជាតិ នៅខែមីនា ២០១៧ ហើយតុលាការកំពូលបានប្រើច្បាប់គណបក្សថ្មីនេះ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ វិច្ឆិកា ២០១៧។ ប្រសិនបើមិនមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពី២/៣ មក ៥០%+១ កាលពីឆ្នាំ២០០៦ ដែលកាលនោះលោកសម រង្ស៊ីគាំទ្រ ប្រហែលជាសភាជាតិ មិនអាចធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិបាន ទេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត គឺគណបក្សហ៊្វុនស៊ិនប៉ិច ជាអ្នកប្តឹងរំលាយគណបក្ស សង្គ្រោះជាតិ ដោយប្រើច្បាប់ស្តីពីគណបក្សនយោបាយថ្មី។ នេះហាក់ដូចជាបង្ហាញពី​ ការធ្វើ នយោបាយសងសឹកគ្នាទៅវិញទៅមករវាងអ្នកនយោបាយជើងចាស់របស់ខ្មែរ។
  3. ក្រោយពី តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ អាសនៈទាំង៥៥ របស់ គណបក្សនេះ ត្រូវបានយកទៅចែកគណបក្សផ្សេងទៀត ដែលគណបក្សហ៊្វុនស៊ិនប៉ិច បានទទួល៤១ អាសនៈ ជាឱកាសឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ត្រឡប់មកឆាកនយោបាយវិញ ហើយធ្វើឲ្យសម្តេចក្រុមព្រះ មានឥទ្ធិពលអំណាចក្នុងគណបក្សឡើងវិញ។ លើសពីនេះទៀត អាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥០០០ របស់អតីតបក្សសង្គ្រោះជាតិ ក៏ត្រូវបានយកទៅ ចែកឲ្យគណបក្សប្រជាជន និងគណបក្សផ្សេងទៀតដែរ។
  4. នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ មានការបោះឆ្នោតអសកល ជ្រើសរើសសមាជិកព្រឹទ្ធសភា។ ដោយអង្គបោះ ឆ្នោតចំនួនជាង ៥០០០នាក់របស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបាន ដកសិទ្ធិ នាំឲ្យគណបក្សប្រជាជនឈ្នះឆ្នោត ទទួលបានអាសនៈព្រឹទ្ធសភាទាំង៥៨ (អាសនៈ៤ទៀត សម្រាប់ជ្រើសរើសដោយព្រះមហាក្សត្រ និងរដ្ឋសភា)។

រយៈពេល២៥ឆ្នាំក្រោយ (ចាប់ពីឆ្នាំ១៩៩៣) ស្ថានភាពនយោបាយនៅកម្ពុជា បានឈានមកដល់ ស្ថានភាពដូចខាងក្រោម៖

  1. គណបក្សប្រជាជន រក្សាឯកភាពផ្ទៃក្នុងបក្សបានល្អ ហើយបានពង្រឹងនិងពង្រីកអំណាច របស់ខ្លួន ពីគណបក្សដែលចាញ់ឆ្នោតនៅឆ្នាំ១៩៩៣ មកជាឯកបក្ស ដែលកាន់អំណាច គ្រប់គ្រងរដ្ឋាភិបាល និងរដ្ឋសភា ព្រមទាំងព្រឹទ្ធសភាសឹងទាំងស្រុង។
  2. គណបក្សហ៊្វុនស៊ិនប៉ិច បានឈានទៅដល់ចំណុច សូន្យ នៅឆ្នាំ២០១៣ ដោយមិនទទួល បានអាសនៈនៅរដ្ឋសភា។ លើសពីនេះទៀត អ្នកដែលមាននិន្នាការមិនគាំទ្រ​គណបក្ស​ប្រជាជនខកចិត្តខ្លាំងថែមទៀត នៅពេលគណបក្សនេះប្តឹងរំលាយ​អតីតគណបក្សសង្គ្រោះជាតិ ហើយទទួលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ។
  3. អ្នកនយោបាយ ដែលជាអតីតហ៊្វុនស៊ិនប៉ិច បានទៅដឹកនាំបង្កើតគណបក្សនយោបាយថ្មី ហើយក្រោយមករួមគ្នាជា «គណបក្សសង្គ្រោះជាតិ» ទទួលបានជោគជ័យគួរឲ្យ ចាប់អារម្មណ៍នៅឆ្នាំ២០១៣ តែអតីតគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយ អ្នកដឹកនាំចំនួន១១៨នាក់ ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំ។ លោកសម រង្ស៊ី ក្លាយជាទណ្ឌិត ដែលកំពុងនិរទេសខ្លួននៅក្រៅស្រុក ហើយលោកកឹម សុខា ដែលជា​ប្រធានអតីតគណបក្សសង្គ្រោះជាតិត្រូវចាប់ឃុំឃាំង។
  4. ការប្រជែងអំណាចបុគ្គល និងដណ្តើមប្រជាប្រិយភាព ក្នុងរយៈពេល២៥ឆ្នាំ (៥ អាណត្តិ) នៅក្នុងឆាកនយោបាយខ្មែរ បានធ្វើលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា​រងនូវការរង្គោះរង្គើបែកបាក់។ ទំព័រប្រវត្តិសាស្ត្រក្នុងជំពូកនេះ ប្រហែលជាត្រូវបាន កត់ត្រា​បញ្ចប់ត្រឹមនេះ ហើយវាក៏ជាឱកាសក្នុងការចាប់ផ្តើមជំពូកនយោបាយថ្មី តាមគោការណ៍ប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ។ ប្រជាពលរដ្ឋខ្មែរ ជាអ្នក​សម្រេចចិត្ត តើគួរបន្តគាំទ្រ នយោបាយចាស់ ឬជ្រើសរើសយកនយោបាយរបៀបថ្មី ដែលនិយាយពីមរតកនយោបាយរបស់អ្នកដឹកនាំរដ្ឋ និង ការប្រើគោលការណ៍ ពហុគំនិត​ក្នុងការកសាងជាតិខ្មែរឲ្យសម្បូរសប្បាយរុងរឿង ក្រោមរូបភាពរដ្ឋសភា ចម្រុះបក្សនយោបាយ និងរដ្ឋាភិបាលសាមគ្គីជាតិ។
  5. ការបោះឆ្នោតនៅថ្ងៃទី២៩កក្កដា២០១៨ ជាឱកាសក្នុងការចាប់ផ្តើមជំពូកនយោបាយថ្មី បើប្រជាពលរដ្ឋខ្មែរពិតជាប្រើមនសិការនយោបាយផ្ទាល់ខ្លួន ជាពិសេសសេចក្តី ស្រឡាញ់គាំទ្រសង្គមពហុគំនិតធ្វើការសម្រេចចិត្ត និងមិនបណ្តោយឲ្យសេចក្តីស្អប់ គំនុំគុំគួនបុគ្គលមានឥទ្ធិពលជ្រុល លើសេចក្តីសម្រេចចិត្តនយោបាយណាមួយ។ ល្មមដល់ពេលយើងរៀនរួមគ្នាកសាងជាតិតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សដោយចាប់ផ្តើមពីយើងម្នាក់ៗ។ គ្មាននរណាជួយប្រជាជាតិខ្មែរបាន ក្រៅពីយើងរួមគ្នា ជួយខ្លួនឯងទេ។

លោក លីន គីមឆែ លោក ឡឹក សុធារ និងបណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...