ថ្នាំទិព្វ៥គ្រាប់ដើម្បីជួយឲ្យកសិករក្លាយជាសេដ្ឋីស្រុកស្រែ (ភាគ៤)

0 4,584

ថ្នាំទិព្វគ្រាប់ទី៤ ការគិតសន្សំសំចៃ

សន្សំសំចៃ មានន័យថា ការដកយកមួយចំណែកនៃចំណូលដើម្បីទុកប្រើនៅពេលក្រោយ ហើយមានការប្រុងប្រយ័ត្ននូវលុយដែលត្រូវចាយ។ ខាងក្រោមនេះជាគំនិតមួយចំនួនដែលកសិករគួរអនុវត្តឲ្យបានល្អ៖

 • យើងត្រូវប្តូរទម្លាប់ពីចាយមុនសន្សំ ទៅសន្សំមុនចាយតាមគោលការណ៍សន្សំតាមរកបាន ឬតាមមាន (រកប្រាក់ចំណូលបានច្រើនសន្សំច្រើន រកចំណូលបានតិចសន្សំតិច)។ ការសន្សំលុយហត់ដើម្បីបង្កើនលុយសប្បាយសម្រាប់ចាយនៅពេលចាស់ជាគោលការណ៍សំខាន់នៃ សមចល។ ដើម្បីទទួលបានលុយសប្បាយច្រើន គឺមនុស្សទូទៅ ពិសេសបេក្ខជនសេដ្ឋីស្រុកស្រែ គួរអនុវត្តតាមវិធានការណ៍ដូចខាងក្រោមនេះឲ្យបានល្អប្រសើរ និងទៀងទាត់បំផុត៖
 • សន្សំឲ្យបានទៀងទាត់
 • សន្សំតាមរកបាន មានន័យថា រកបានប្រាក់ចំណូលច្រើនសន្សំច្រើន រកបានតិចសន្សំតិច
 • សន្សំដោយមិនដក
 • ប្រាក់សន្សំត្រូវមានចំណូលការប្រាក់ ឬត្រូវចេះយកប្រាក់សន្សំជាទុនបង្កើតលុយ (លុយបង្កើតលុយ)។

ជាសរុបបរិមាណទុនសរុប អាស្រ័យលើកត្តាសំខាន់ៗចំនួន ៣៖

 • បរិមាណប្រាក់ដែលសន្សំមួយដងៗ
 • អត្រាការប្រាក់ដែលទទួលបាន
 • រយៈពេលដែលសន្សំ។

យើងមានជាឧទាហរណ៍មួយចំនួនទាក់ទងទៅនឹងកំណើនទុនសន្សំដែលអាស្រ័យកត្តាទាំង៣នេះ (ដូចបង្ហាញក្នុងតារាងឧបសម្ព័ន្ធ ទី១ និងទី២)។

 • គ្រប់គ្រងចំណាយឲ្យបានល្អដោយចេះបែងចែកនូវការចំណាយលើអ្វីមួយដែល៖
 • ចាំបាច់បំផុត (អត់មិនបាន) ឧទាហរណ៍ អំបិល ស្ករ ថ្នាំសង្កូវ ពាងទឹក ឬអាងស្តុកទឹក
 • មិនសូវចាំបាច់ ឧទាហរណ៍ របស់ប្រើប្រាស់ទំនើប ដូចជាអាវថ្មី ជីគីមី ប៊ីចេង។ល។
 • មិនចាំបាច់ (អាចអត់បាន) ឧទាហរណ៍ បារី ស្រា។
 • គិតឲ្យបានច្បាស់ពីចំណេញខាត មុននឹងធ្វើការចំណាយលើអ្វីមួយ
 • មុននឹងសម្រេចចិត្តទិញ (ទិញដី ទិញពូជ ។ល។)
 • មុននឹងសម្រេចចិត្តជួល (ជួលកម្លាំងពលកម្មពីខាងក្រៅ ជួលម៉ាស៊ីនច្រូត)
 • មុននឹងសម្រេចចិត្តខ្ចីលុយពីខាងក្រៅ។
 • ត្រូវចេះប្រើប្រាស់នូវអ្វីដែលមាននៅជុំវិញខ្លួន និងនៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ មុននឹងទិញបន្ថែមពីខាងក្រៅ
 • ធ្វើការកត់ត្រានូវចំណាយ និងធ្វើការបូកសរុបឆ្លុះបញ្ចាំងឲ្យបានទៀងទាត់។

បណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...