ថ្នាំទិព្វ៥គ្រាប់ដើម្បីជួយឲ្យកសិករក្លាយជាសេដ្ឋីស្រុកស្រែ (ភាគ៣)

0 9,010

ក្នុងការគាំទ្រកសិករឲ្យអភិវឌ្ឍខ្លួន ក្លាយជាសេដ្ឋីស្រុកស្រែកសិករ បណ្ឌិតយ៉ង សាំងកុមារ បានបង្កើតនូវគោលការណ៍ និងទ្រឹស្តីមួយចំនួន ក្នុងនោះមាន ទ្រឹស្តី ថ្នាំទិព្វ៥គ្រាប់។ ទ្រឹស្តីថ្នាំទិព្វ៥គ្រាប់ មានន័យថា ដើម្បីក្លាយជាសេដ្ឋីស្រុកស្រែ កសិករត្រូវធ្វើការផ្លាស់ប្តូរការគិត និងទង្វើសំខាន់ៗចំនួន៥។ ខាងក្រោមជាការបកស្រាយភាគបន្ត គឺថ្នាំទិព្វគ្រាប់ទី៣  ការច្នៃប្រឌិត។

កសិករដែលជាអ្នកគិតច្នៃប្រឌិតមានទម្លាប់ចេះឲ្យតម្លៃ និងច្នៃនូវរបស់ដែលមានស្រាប់នៅជុំវិញខ្លួនឲ្យក្លាយជារបស់ប្រើបានជាផលប្រយោជន៍ច្រើនជាងមុន ប្រសើរជាងមុន និងមានតម្លៃជាងមុន។ ខាងក្រោមនេះជាឧទាហរណ៍មួយចំនួនទាក់ទងការច្នៃប្រឌិតដែលជួយឲ្យកសិករទទួលបានប្រាក់ចំណេញខ្ពស់។

  • ការដូរមកពីលក់ស្រូវមកលក់អង្ករ ដើម្បីទទួលបាននូវតម្លៃខ្ពស់ ទទួលបានអង្កាមសម្រាប់យកទៅកែលម្អជីជាតិដី សល់កន្ទក់ និងចុងអង្ករធ្វើជាចំណីសត្វ យកលាមកសត្វប្រើជាជី បានចុងអង្ករទៅបិតស្រា បានបាយស្រាយកទៅចិញ្ចឹមជ្រូកជាដើម។

  • ការប្រើលាមកសត្វដើម្បីបង្កើនប្រាក់ចំណូល ដូចជា៖
    • ការកែច្នៃលាមកសត្វឲ្យក្លាយជាឧស្ម័នសម្រាប់ចំអិនអាហារ និងប្រើជាថាមពលដោយសង់ឡជីវឧស្ម័ន ហើយកាកសំណល់ចេញពីឡនេះប្រើប្រាស់ធ្វើជាជី ឬចំណីត្រី។ល។
    • ការកែច្នៃលាមកសត្វធ្វើជាជីកំប៉ុស្ត គឺមានសារៈសំខាន់សម្រាប់បង្កើនផលដំណាំ និងផលិតផល និងប្រើចំណីដែលបានមកពីផលិតផលដំណាំ (បន្លែ ចំបើង…) យកមកចិញ្ចឹមសត្វវិញ។ មានតែការប្រមូលផ្តុំចូលគ្នារវាងដំណាំ និងសត្វទេដែលអាចឲ្យកសិករទទួលបានប្រាក់ចំណេញខ្ពស់ពីមុខរបរកសិកម្មព្រោះគេអាចកាត់បន្ថយនូវការចំណាយលើជី និងចំណីសត្វ។
    • ការកែច្នៃឆៃថាវជាឆៃប៉ូវ ឬត្រសក់ជាត្រសក់ជ្រក់ ចេកជាចេកឆាប ដែលផ្តល់នូវផលចំណេញដូចជា ផលិតផលទុកបានយូរ លក់បានថ្លៃ ហើយកាកសំណល់ពីការកែច្នៃអាចប្រើជាចំណីសត្វ ឬជីធម្មជាតិវិញ។

បណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...