៩ ចំណុចដែលកម្ពុជាគួររៀនពីប្រទេសសិង្ហបុរី

0 44,847

នៅទស្សវត្ស១៩៦០ សិង្ហបុរីជាប្រទេសក្រីក្រីមួយអាចថាប្រហាក់ប្រហែល ឬក្រជាងកម្ពុជា ហើយ កាលពីសម័យនោះ នាយករដ្ឋមន្ត្រីសិង្ហបុរីក៏ធ្លាប់មករៀនសូត្រពីកម្ពុជាផងដែរ។

តែមកដល់ពេលបច្ចប្បន្ន សិង្ហបុរីក្លាយជាប្រទេសដែលមានការរីកចម្រើនខ្ពស់ រហូតដល់ក្លាយជា ប្រទេសដែលប្រជាពលរដ្ឋមានចំណូលខ្ពស់ក្នុងចំណោមប្រទេសចំនួន១០ដែលប្រជាជន មាន ចំណូលខ្ពស់ជាងគេលើពិភពលោក និងជាប្រទេស ដែលមានភាពរុងរឿងសម្បូរ សប្បាយលំដាប់ថ្នាក់លេខ ១៧ លើពិភពលោក (Prosperity Index 2017)។ អ្វី ដែលគួរឲ្យចាប់ អារម្មណ៍បំផុត សិង្ហបុរីជាប់ជា ប្រទេសដែលមានសុវត្ថិភាព និងសន្តិសុខល្អជាងគេ (លេខ១) និងវិស័យសុខាភិបាលមានការ រីកចម្រើនជាប់លេខ២ និងគុណភាពសេដ្ឋកិច្ច (Economic Quality) ជាប់លេខ២ លើពិភពលោក (The Legatum Prosperity Index 2017)។

បើប្រៀបធៀបមកកម្ពុជា សិង្ហបុរីជាប្រទេសមួយតូច ដែលមានផ្ទៃដីតូចជាងខេត្តប៉ៃលិន គ្មានធនធានធម្មជាតិ ដូចជាព្រៃឈើ បឹង ស្ទឹងទន្លេ រ៉ែក្រោមដី ដូចកម្ពុជា សូម្បីខ្យាច់ក៏ទិញពី កម្ពុជាដែរ និងគ្មានប្រាសាទបុរាណ ដែលបន្សល់ទុកពីបុព្វបុរស។ល។ ណាមួយទៀត ប្រទេស នេះក៏ ស្ថិតនៅតំបន់អាកាសធាតុត្រូពិចក្តៅហើយសើមដូចកម្ពុជា។ ក៏ប៉ុន្តែ ហេតុអ្វីបាន ជាប្រទេសនេះ អាចមានភាពរីកចម្រើនខ្ពស់ជាងកម្ពុជា ក៏ដូចប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ីអគ្នេយ៍យើង?

តើយើងអាចរៀនសូត្របាននូវចំណុចអ្វីខ្លះ ពីប្រទេសនេះ ជាពិសេសអ្នកដឹកនាំប្រទេស?

ខាងក្រោមនេះ ជាមេរៀនចំនួន៩ចំណុច​ ដែលយើងគួរពិចារណាក្នុងការកសាងកម្ពុជា តាម ពិសោធន៍របស់ប្រទេសសិង្ហបុរី៖

  1. អ្នកដឹកនាំសិង្ហបុរី អនុវត្តនូវគោលការណ៍យកសមត្ថភាពការងារជាធំ (Meritocracy) ដោយឲ្យតម្លៃទៅលើសមត្ថភាព គុណភាពការងារ និងភាពស្មោះត្រង់របស់មន្ត្រី សេវាសាធារណៈ។ មន្ត្រីរដ្ឋាភិបាល ក៏ត្រូវទទួលបានប្រាក់ខែ មិនចាញ់ក្រុមហ៊ុនធំៗទេ។ អ្នកដឹកនាំ គេនិយាយថា «អ្នកដឹកនាំ ដែលមានអំណាចនយោបាយរឹងមាំ គឺត្រូវការ សេវាសាធារណៈបម្រើប្រជាពលរដ្ឋមួយ ប្រកបដោយអព្យាក្រឹត្យមិនរើសអើង មានប្រសិទ្ធិភាព និងមានភាពស្មោះត្រង់»។
  2. អ្នកដឹកនាំសិង្ហបុរី ដើរតាមគោលការណ៍យកការអនុវត្តជាក់ស្តែងជាធំ (Pragmatism) ដោយ រៀនសូត្រនូវបទពិសោធន៍ប្រទេសផ្សេងៗ ហើយយកវាមកច្នៃឲ្យសមស្របទៅតាម លក្ខខណ្ឌ របស់ប្រទេស គឺ ដូច ប្រទេសជប៉ុន កាលពីជំនាន់កែទម្រង់ដំបូងដែលចាប់ផ្តើមនៅឆ្នាំ១៨៦៨ (Meiji Restoration) កាលពីជាង ១០០ឆ្នាំមុន គឺនៅដំណាក់កាល ដំបូងដែលជប៉ុន ចាប់ផ្តើម កសាងប្រទេសជាតិ ដោយរៀនសូត្រពីលោកខាងលិច។
  3. អ្នកដឹកនាំសិង្ហបុរី ប្រកាន់នូវជំហរខ្លួនឯងច្បាស់លាស់ក្នុងការកសាងជាតិ ដោយមិនចំណុះ ប្រទេសណា មហាអំណាចណាមួយគឺដើរតាមផ្លូវរបស់សិង្ហបុរីទៅតាមការចង់បានរបស់ ជាតិគេ។
  4. អ្នកដឹកនាំសិង្ហបុរី ធ្វើការអភិវឌ្ឍប្រទេសជាតិ ដោយចាប់ផ្តើមពីការផ្លាស់ប្តូរនូវអ្វីដែលតូច តែមានឥទ្ធិពលវិជ្ជមានខ្លាំងដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនគេ ឧទាហរណ៍ ការធានា ឲ្យប្រជាពលរដ្ឋគ្រប់រូបមានទឹកស្អាតប្រើប្រាស់ មានការអប់រំល្អ មានសេវាសុខាភិបាលល្អ និងការនាំឲ្យប្រជាពលរដ្ឋចេះសន្សំលុយរួមគ្នា សម្រាប់ពេលចាស់ជរាជាដើម។
  5. អ្នកដឹកនាំសិង្ហបុរី មិនមែនជាអ្នកសុំជំនួយពីបរទេស តែជាអ្នកនាំឲ្យមានការរីក ចម្រើនខាង​ពាណិជ្ជកម្ម និងវិនិយោគបរទេស ដែលនាំឲ្យជាតិគេមានភាពម្ចាស់ការខាង សេដ្ឋកិច្ចដោយ ខ្លួនឯង។ គេយល់ថា ជំនួយបរទេសវាជួយដល់ប្រទេសជាតិតិច ដោយមួយចំណែកធំ វាត្រឡប់ទៅប្រទេសម្ចាស់ជំនួយ ជំនាញការបរទេស និងការចាយវាយមិនមានប្រសិទ្ធិភាព។
  6. អ្នកដឹកនាំសិង្ហបុរី បណ្តុះ និងបង្កឱកាសនូវការអភិវឌ្ឍសង្គមពហុពូជសាសន៍ ដែលជនជាតិ ចិន ម៉ាឡេ ក្លឹង អាចរស់នៅជាមួយគ្នាដោយសន្តិភាព។ គេលើកស្ទួយវប្បធម៌ និងភាសា ជនជាតិទាំងអស់ និងជំរុញឲ្យចេះប្រើភាសារួមមួយគឺភាសា «អង់គ្លេស»។
  7. អ្នកដឹកនាំសិង្ហបុរី ជឿជាក់លើការគិតវែងឆ្ងាយ មានយុទ្ធសាស្ត្រវែងឆ្ងាយសម្រាប់ការកសាង ប្រទេសជាតិ។ រដ្ឋាភិបាលសិង្ហបុរី ធ្លាប់ចុះកិច្ចព្រមព្រៀងរយៈពេល១០០ឆ្នាំ ក្នុងការទទួលការ ផ្គត់ផ្គង់ទឹកពីប្រទេសម៉ាឡេស៊ី។ តែទន្ទឹមនិងនេះ រដ្ឋាភិបាលសិង្ហបុរី ក៏ធ្វើការអភិវឌ្ឍការផ្គត់ ផ្គង់ទឹកដោយខ្លួនឯងជាបណ្តើរៗ ដូចជាការកែច្នៃទឹកសមុទ្រ និងទឹកកខ្វក់មកជាទឹកស្អាត សម្រាប់ប្រើប្រាស់ ដើម្បីរំដោះប្រទេស កុំឲ្យអាស្រ័យលើការផ្គត់ផ្គង់ធនធានដ៏សំខាន់នេះ ពី បរទេស។
  8. អ្នកដឹកនាំប្រទេស មិនដែលអនុវត្តនយោបាយប្រជាភិថុតតាមរយៈការចែកអំណោយ ដល់ ប្រជាពលរដ្ឋទេ ពីព្រោះគេមិនចង់ឲ្យប្រជាជនគេអាស្រ័យលើរដ្ឋ។ ក៏ប៉ុន្តែ រដ្ឋាភិបាល ចំណាយច្រើនលើការវិនិយោគសាធារណៈ ដូចជា លើវិស័យសុខាភិបាលឲ្យមានមន្ទីរពេទ្យ និងពេទ្យល្អ វិស័យអប់រំឲ្យមានសាលាល្អ និងគ្រូល្អ វិស័យលំនៅដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋ គ្រប់រូបមានលំនៅដ្ឋានរស់នៅសមរម្យ និងមានទឹកស្អាត អគ្គិសនីប្រើ និងវិស័យដឹកជញ្ជូន សាធារណៈ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
  9. អ្នកដឹកនាំប្រទេស ជាមនុស្សស្មោះត្រង់ មិនពុករលួយ ដែលជាកត្តាទាក់ទាញនូវទំនុកចិត្ត កាន់តែខ្លាំងពីប្រជាពលរដ្ឋ និងអ្នកវិនិយោគទុន។

មេរៀនសំខាន់ៗខាងលើនេះ ជាចំណុចល្អ ហើយអាចធ្វើបាននៅកម្ពុជា តែសំខាន់យើងត្រូវការ អ្នកដឹកនាំដែលត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចការនេះជាជំហ៊ានៗ។ គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន បានយកបទពិសោធន៍ពីប្រទេសសិង្ហបុរី មកដាក់ចូលក្នុងកម្មវិធីនយោបាយ ជាពិសេសក្នុង គោលនយោបាយ ស៥។

 

កំណត់សម្គាល់៖

មេរៀនទាំង៩នេះ ដកស្រង់ចេញពីលោក Kishore Mahbubani ដែលចុះផ្សាយក្នុង https://thediplomat.com/2015/03/10-Lessons-from-singapores-success/

Comments
Loading...