ថ្នាំទិព្វ៥គ្រាប់ដើម្បីជួយឲ្យកសិករក្លាយជាសេដ្ឋីស្រុកស្រែ (ភាគ២)

0 9,211

ក្នុងការគាំទ្រកសិករឲ្យអភិវឌ្ឍខ្លួន ក្លាយជាសេដ្ឋីស្រុកស្រែកសិករ បណ្ឌិតយ៉ង សាំងកុមារ បានបង្កើតនូវគោលការណ៍ និងទ្រឹស្តីមួយចំនួន ក្នុងនោះមាន ទ្រឹស្តី ថ្នាំទិព្វ៥គ្រាប់។ ទ្រឹស្តីថ្នាំទិព្វ៥គ្រាប់ មានន័យថា ដើម្បីក្លាយជាសេដ្ឋីស្រុកស្រែ កសិករត្រូវធ្វើការផ្លាស់ប្តូរការគិត និងទង្វើសំខាន់ៗចំនួន៥។ ថ្នាំទិព្វគ្រាប់ទី២ ការគិតឧត្តមភាព ត្រូវបានបកស្រាយជាភាគបន្ត។

ថ្នាំទិព្វគ្រាប់ទី២ ការគិតឧត្តមភាព

ការគិតឧត្តមភាពជាការគិត និងប្រកាន់យកទម្លាប់ធ្វើអ្វីមួយឲ្យបានល្អបំផុត។ ខាងក្រោមនេះជាឧទាហរណ៍មួយចំនួនទាក់ទងទៅនឹងការគិតឧត្តមភាព៖

  • យើងត្រូវមានទម្លាប់ធ្វើអ្វីធ្វើឲ្យបានល្អបំផុត ដូចជាការធ្វើស្រែលើដីតូចតាមគោលការណ៍ប្រព័ន្ធប្រពលវប្បកម្មឲ្យបានផលខ្ពស់បំផុត(ឧទាហរណ៍លើសពី១០តោនក្នុង១ហិកតា ឬ១គីឡូក្រាមក្នុងដី១ម៉ែត្រក្រឡា) ឬដាំដំណាំលើផ្ទៃដីតូចឲ្យបានផលខ្ពស់បំផុត។ ឧទាហរណ៍ ដាំចេក ៣ទៅ៤គុម្ពឲ្យបានផ្លែច្រើនបំផុត, ចិញ្ចឹមមេមាន់ ៤ទៅ៥ក្បាលឲ្យបានផលល្អបំផុត។ល។នៅពេលយើងធ្វើបានល្អលើដីតូចឬចំនួនតិច យើងអាចពង្រីកបន្តិចម្តងៗតាមគោលការណ៍តូចតែខ្លឹមកាន់តែធំកាន់តែខ្លឹម។ កសិករគួរតែរៀនអនុវត្តតាមគោលការណ៍តូចតែខ្លឹមឬតូចតែចំណេញគ្រាន់បើជាងធំហើយឃ្លោក ឬធំហើយខាត(ឧទាហរណ៍ ដូរពីធ្វើស្រែឃ្លោកមកធ្វើស្រែខ្លឹម និងពីសួនឃ្លោកទៅសួនខ្លឹម)។ យើងត្រូវមានទម្លាប់ចាប់ផ្តើមធ្វើអ្វីមួយតូច ធ្វើវាឲ្យបានល្អហើយបានចំណេញបន្ទាប់មកពង្រីកវាឲ្យបានល្អបន្តិចម្តងៗហើយធ្វើវាឲ្យកាន់តែធំកាន់តែល្អ និងកាន់តែចំណេញថែមទៀត។ ឧទាហរណ៍ឆ្នាំទី១ យើងធ្វើប.វ.ស. ១០អារ បានផល៥០០គីឡូក្រាម ឆ្នាំទី២ ពង្រីកឲ្យបាន២០អារបានផល១.២០០គីឡូក្រាម ឆ្នាំទី៣ពង្រីកឲ្យបាន ៥០អារ បានផល៤.០០០គីឡូក្រាម។ល។
  • យើងគួរមានទម្លាប់កែលម្អជាប់ជានិច្ចនូវទង្វើកន្លងមកជាពិសេសគួរមានទម្លាប់ធ្វើការឆ្លុះបញ្ចាំងខ្លួនឯង រៀនសូត្រពីអ្នកដទៃដើម្បីបានគំនិតថ្មីៗបន្ថែម។ឧទាហរណ៍ រដូវនេះយើងធ្វើស្រូវបាន ៣តោន ក្នុង១ហិកតា យើងត្រូវចេះកែលម្អយ៉ាងណាឲ្យរដូវក្រោយធ្វើបានលើសពី ៣តោន ក្នុង ១ហិកតា ឬក៏រករបៀបណាដែលអាចឲ្យយើងស្ទូងស្រូវជាជួរបានលឿនឬត្រូវចេះពីរបៀបផ្សំជីធម្មជាតិឬចំណីសត្វដែលនាំមកនូវផលចំណេញកាន់តែច្រើនហើយចំ​ណាយលើការផលិតតិចជាងមុន។

ជាសរុបមក កសិករគួរតម្រង់ទិសនៃការគិត មកទិសដៅដូចខាងក្រោមនេះ៖

  • ផលិតឲ្យបានច្រើន និងមានគុណភាពកាន់តែល្អ
  • ផលិតផលលក់កាន់តែបានថ្លៃ
  • ការចំណាយលើការផលិតកាន់តែទាបតាមរយៈការកាត់បន្ថយការទិញពីខាងក្រៅ។

គួរបញ្ជាក់ថា ការគិតឧត្តមភាពក៏មានទំនាក់ទំនងជាមួយការគិតច្នៃប្រឌិតផងដែរ។

បណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...