ការអភិវឌ្ឍសេដ្ឋីស្រុកស្រែតាមទ្រឹស្តី«សមចល» – ភាគ៣

0 2,619

ក្នុងការងារគាំទ្រដល់កសិករក្នុងការអភិវឌ្ឍខ្លួនក្លាយជាសេដ្ឋីស្រុកស្រែពីមុខរបរកសិកម្ម បណ្ឌិត យ៉ង សាំង កុមារ បានបង្កើតទ្រឹស្តី «សមចល»។ទ្រឹស្តីនេះជាប្រព័ន្ធដែលមានធាតុ៤ គឺ សុខភាព មិត្តភាព ចំណេះ និង លុយ។  ទ្រឹស្តីនេះមិនត្រឹមតែប្រើសម្រាប់កសិករទេ គឺសម្រាប់បុគ្គលគ្រប់រូប។ ខាងក្រោមនេះ ជាការពន្យល់បន្តពីទ្រឹស្តី«សមចល» ភាគទី៣ «ចំណេះដឹង»។

ចំណេះមាន៣គឺចំណេះដឹងចំណេះធ្វើនិងចំណេះមើល។

  • ចំណេះដឹងគឺទទួលបានតាមរយៈការអាន ការស្តាប់ ការចូលរួមប្រជុំ សិក្ខាសាលា ទស្សនកិច្ចសិក្សាជាដើម។ ការទទួលបានចំណេះដឹង គឺប្រៀបដូចទទួលបាននូវព័ត៌មាន និងទ្រឹស្តី។
  • ចំណេះធ្វើ គឺទទួលបានតាមរយៈការអនុវត្តនូវអ្វីដែលបានរៀនពិសោធន៍សាកល្បងដោយខ្លួនឯង។ ឧទាហរណ៍ ចេះធ្វើស្រូវតាមប្រព័ន្ធប្រពលវប្បកម្មស្រូវតាមគោលការណ៍ធម្មជាតិ (ប.វ.ស.) បានល្អ ដាំដំណាំបានផលខ្ពស់ ចិញ្ចឹមសត្វបានធាត់ធំល្អ ចេះបិទបញ្ជីស្នាមសហ-គមន៍បានយ៉ាងសុក្រឹត ចេះដឹកនាំអង្គប្រជុំ ចេះធ្វើជាអ្នកដឹកនាំសហគមន៍បានល្អ។ល។
  • ចំណេះមើល(វិជ្ជា) មានន័យ៣យ៉ាង គឺទី១ ចេះសង្កេតមើលជុំវិញខ្លួន មើលពីឱកាស និងលក្ខខណ្ឌជុំវិញខ្លួន, ទី២ ចេះមើលវែងឆ្ងាយ (ទស្សនវិស័យ) ហ៊ានគិតធំ មានទិសដៅ និងមានផែនការច្បាស់លាស់។ល។, ទី៣ ចេះពិនិត្យមើលឡើងវិញនូវផែនការ និង អ្វីដែលបានធ្វើ។ ចំពោះកសិករគួរតែហាត់អនុវត្តបន្ថែមឲ្យបានច្រើននូវចំណេះមើល ជាពិសេសការធ្វើផែនការផលិត ផែនការសន្សំ ផែនការវិនិយោគរយៈពេលវែងឆ្ងាយ និងរយៈពេលខ្លី ហើយឧស្សាហ៍ឆ្លុះបញ្ចាំង និងកែលំអផែនការទាំងនេះ។

ដើម្បីងាយស្រួលក្នុងការចងចាំនិងអនុវត្តន៍យើងមានគោលការណ៍ «ស» ដើម្បីបង្កើននូវចំណេះវិជ្ជាមានដូចខាងក្រោម៖

  • សង្កេត
  • សួរ
  • ស្តាប់
  • សរសេរកត់ត្រា
  • សិក្សាស៊ីជម្រៅនូវប្រធានបទ ឬជំនាញនីមួយៗឲ្យបានល្អ
  • សំវាទ ឬសន្ទនា ឬការជជែកគ្នាដោយមិនមានគំនិតយកឈ្នះចាញ់ដោយគំនិតល្អៗហូរចូល
  • សង្ខេបនិងសំយោគនូវចំណុចសំខាន់ៗសម្រាប់យកទៅអនុវត្ត។

ក្នុងសំណោមទម្លាប់«ស»ទាំងនេះក្នុងការធ្វើការសង្កេតស្តាប់និងសរសេរកត់ត្រាឲ្យបានច្រើនជាទម្លាប់សំខាន់បំផុតដែលត្រូវធ្វើជាប្រចាំ។ជាពិសេសការកត់ត្រាជារៀងរាល់ថ្ងៃនូវអ្វីដែលបានធ្វើអ្វីដែលអ្នករៀនសូត្រនិងចំណូលចំណាយវានឹងជួយឲ្យអ្នកអភិវឌ្ឍខ្លួនឯងប្រសើរជាប់ជានិច្ចទាំងចំណេះដឹងទាំងគំនិតនិងទាំងសមត្ថភាពក្នុងការធ្វើសេចក្តីសម្រេចចិត្ត។

បណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...