តួនាទីរបស់ជីកំប៉ុស្តទឹក ក្នុងការកែលម្អសួនដំណាំ

0 21,210

ក. អ្វីជាជីកំប៉ុស្តទឹក?

ជីកំប៉ុស្តទឹក ជាជីរាវដែលបានមកពីតាមរយៈការត្រាំសារធាតុសរីរាង្គ ជាពិសេសលាមកសត្វមាន់ ទា និងស្លឹកឈើផ្សេងៗ។

ខ. ហេតុអ្វីបានជាចាំបាច់ធ្វើ និងប្រើជីទឹកនេះ?

ជីទឹក ប្រសិនបើយើងធ្វើឲ្យបានស្រួលបួល វាសម្បូរទៅដោយ មីក្រូសរីរាង្គ (សត្វតូចៗ ដែលមិន អាចមើលនឹងភ្នែកបាន) ដែលមានសារៈប្រយោជន៍ដល់ជីជាតិរបស់ដី។ ទន្ទឹមនឹងនេះ ជីទឹក ក៏មាននូវសារធាតុចិញ្ចឹម(ជី) ដែលរលាយរួចស្រេច សម្រាប់ងាយស្រួលដល់ដំណាំស្រូបយក។ ប្រសិនបើយើងត្រាំរុក្ខជាតិដែលមានក្លិនខ្លាំង ជីនេះ ក៏អាចជួយដេញសត្វល្អិតដែលបំផ្លាញ រុក្ខជាតិកុំឲ្យមកជិតដែរ។

គ. តើវត្ថុដើមអ្វីខ្លះ ដែលសមស្របសម្រាប់ធ្វើជីទឹក?

សារធាតុសំខាន់ៗ ដែលប្រើសម្រាប់ធ្វើជីទឹក មានលាមកសត្វមាន់ ទា ប្រចៀវ ស្លឹករុក្ខជាតិដែល មានឬសជ្រៅៗ ជាពិសេសរុក្ខជាតិដុះឯង ហើយមានក្លិនខ្លាំងដូចជា ទន្ទ្រានខែត្រ កន្ទ្រោបព្រៃ ។ល។ ចំពោះស្លឹកពពួកកួរ ឧទាហរណ៍៖ ស្លឹកអង្កាញ់ កន្ទំថេត អង្គារដី ក៏អាចយកមកប្រើធ្វើជា ជីទឹកបានល្អដែរ ដោយវាសម្បូរដោយសារធាតុអាសូត។

ឃ. តើគេធ្វើជីទឹកយ៉ាងដូចម្តេច?

សម្ភារៈ

  • គេ ត្រូវការពាងមួយ (អាចជាកូនពាងស្ករ ពាងទឹក ឬធុងសាំង)
  • គេត្រូវការបាវធ្វើពីក្រចៅមួយ សម្រាប់ច្រក
  • ដុំថ្មមួយដុំ សម្រាប់សង្កត់ឲ្យបាវលិច។

របៀបធ្វើ

  • ច្រកវត្ថុធាតុដើម (ស្លឹកឈើ លាមកសត្វ) ចូលក្នុងបាវ ដោយវាស់បរិមាណឲ្យបានច្បាស់លាស់។
  • ដាក់បាវ ដែលច្រកជី ហើយដាក់ចូលក្នុងពាង រួចដាក់ដុំថ្មសង្កត់ពីលើ
  • ចាក់ទឹកចូលក្នុងពាង ដោយចំណុះទឹកស្មើនិង ២០ដងនៃចំណុះជី (ឧទាហរណ៍ ប្រសិនបើយើង ច្រកជីមួយប៉ោតចូលក្នុងបាវ យើងត្រូវចាក់ទឹក២០ប៉ោតចូលក្នុងពាង)
  • បិទពាង ដោយប្រើគម្របធ្វើពីឈើ

របៀបថែទាំ

  • យើងត្រូវគ្របពាងជីឲ្យបានល្អ ដើម្បីការពារកុំឲ្យរុយមកពងដាក់ និងជះក្លិនស្អុយចេញ មកខាងក្រៅ
  • ដាច់ខាត ត្រូវកូរជីរៀងរាល់ថ្ងៃ ដោយមួយថ្ងៃត្រូវកូរ ២ដង។

នៅពេលកូរម្តងៗ យើងត្រូវកូរឲ្យបានប្រហែល៥នាទី ហើយរបៀបកូរ គឺ កូរបង្វិលទៅបង្វិលមក។

ការកូរមានសារៈសំខាន់ណាស់ ពីព្រោះវានាំខ្យល់ (អុកស៊ីសែន) ចូលក្នុងទឹក ហើយបង្កលក្ខខណ្ឌ ឲ្យពួកសត្វល្អិតតូចៗ ដែលរស់នៅត្រូវការអុកស៊ីសែនមានសកម្មភាពខ្លាំង។ ផ្ទុយទៅវិញ បើ យើងមិនកូរ នោះជីរបស់យើងនឹងសម្បូរទៅដោយ ពពួកមេរោគ ដែលមិនត្រូវការខ្យល់។

ង. តើគេប្រើជីទឹកយ៉ាងដូចម្តេច?

៣អាទិត្យក្រោយមក យើងដួសទឹកជីយកទៅប្រើបាន។ យើងអាចដឹងថា ជីរួចរាល់សម្រាប់ប្រើ បាននៅពេលដែលវាលែងមានក្លិនស្អុយ។ ជីដែលរួចរាល់ អាចរក្សាទុកបានប្រហែលរយៈពេល មួយខែទៀត តែត្រូវទុកវាក្រោមម្លប់។ នៅពេលជី ដែលរួចរាល់ហើយសម្រាប់ប្រើ យើងចៀសវាង  កុំបោះវត្ថុធាតុដើមចូលបន្ថែមទៀត គឺប្រើឲ្យអស់សិន រួចចាំធ្វើថ្មីតែម្តង។

របៀបស្រោច

គេស្រោចជីទឹក ១លីត្រ លើផ្ទៃដី១ម៉ែត្រការ៉េ (១ម៉ែត្របួនជ្រុង) តែបើស្រោចលើស្លឹកដំណាំផ្ទាល់ គេត្រូវលាយជីជាមួយទឹកធម្មតាមួយទល់មួយ។ យើង គួរស្រោចមួយសប្តាហ៍ម្តង តែបើដំណាំ ជួបបញ្ហាខ្វះជីជាតិខ្លាំង យើងអាចស្រោចពី ២ ទៅ ៣ដង ក្នុងមួយសប្តាហ៍។

ដំណាក់កាលសំខាន់ៗ សម្រាប់ប្រើជីទឹកមាន

  • ពេលកូនដំណាំកំពុងលូតលាស់
  • មុនពេលចេញផ្កា
  • ពេលដំណាំជួបរោគសញ្ញាប្លែក ឧទាហរណ៍ស្លឹកមានការប្តូរពណ៌ ឬដំណាំបង្ហាញនូវរោគខ្វះជីជាតិ។

ច. តើការប្រើជីទឹកមានគុណសម្បត្តិ និងគុណវិបត្តិយាងណាខ្លះ?

គុណសម្បត្តិ

  • ងាយធ្វើ ប្រើធនធានតិច
  • ឆាប់បានប្រើ ហើយបានលទ្ធផលលឿន
  • ផ្តលជីជាតិច្រើនមុខ និងធ្វើឲ្យដីមានជីជាតិ
  • ជួយការពារដំណាំបានខ្លះៗ។

គុណវិបត្តិ

  • មានក្លិនមិនសូវល្អ ជាពិសេសពេលត្រាំដំបូង
  • ទាមទារឲ្យកូររាល់ថ្ងៃ
  • បើមិនបានកូរទៀងទាត់ នាំឲ្យមានមេរោគកើតឡើង
  • ត្រូវធ្វើ ២ទៅ៣ពាង ប្រសិនចង់ប្រើច្រើន ឬប្រើជាប់គ្នា។

បណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...