ការគ្រប់គ្រងជីជាតិដីឲ្យបានល្អ ដើម្បីទទួលបានផលបន្លែបានច្រើនជាប់ជានិច្ច

0 4,302

ការដាំបន្លែទទួលបានជោគជ័យ មានន័យថា បានផលខ្ពស់ ហើយប្រាក់ចំណូលច្រើន អាស្រ័យលើកត្តាជាច្រើន ដែលក្នុងនោះ ជីជាតិដីជាកត្តាសំខាន់បំផុតមួយ។

ក្នុងកសិកម្មសរីរាង្គ យើងចាត់ទុកដីប្រៀបជាម្តាយ ហើយដំណាំជាកូនតូច មានន័យថា យើងចង់បានដំណាំល្អ ទាល់តែដីជាម្តាយមានសុខភាពល្អ និងមានចំណីអាហារគ្រប់ គ្រាន់សម្រាប់ចិញ្ចឹមដំណាំជាកូន។

ដីមានសុខភាព និងជីជាតិល្អ មានចំណុចវិនិច្ឆ័យសំខាន់ៗ ដូចខាងក្រោមនេះ៖

  1. ដីស្រទាប់លើក្រាស់ (យកល្អក្រាស់ជាង៣តឹក) ផុសល្អ ងាយស្រួលដល់ការ លូតលាស់របស់ឬស
  2. មានសារធាតុចិញ្ចឹមគ្រប់មុខ និងគ្រប់គ្រាន់សម្រាប់ដំណាំ (មានជីជាតិគ្រប់គ្រាន់)
  3. មានសមត្ថភាពរក្សាសំណើមបានយូរ ហើយក៏មិនមានភាពជាំទឹកយូរដែរ
  4. សម្បូរទៅដោយសត្វល្អិតរស់នៅ ដូចជាជន្លេន
  5. មិនមានជាតិពុលដែលប៉ះពាល់ដល់សត្វល្អិតរស់នៅក្នុងដី និងការលូតលាស់ ឬសរបស់ដំណាំ។

ដើម្បីឲ្យដីយើងមានជីជាតិល្អ ដូចចំណុចខាងលើនេះ យើងជាម្ចាស់សួន គួរអនុវត្តនូវ សកម្មភាព ឬបច្ចេកទេសដូចខាងក្រោម៖

  1. លើករងដំណាំឲ្យបានខ្ពស់ និងកសាងដីស្រទាប់លើរបស់រងឲ្យមានកម្រាស់ ឬជម្រៅប្រហែល ៣តឹក ឬអាចជ្រៅជាងនេះ
  2. ​ប្រើប្រាស់ជីធម្មជាតិល្អឲ្យបានច្រើន ដូចជាជីកំប៉ុស្តល្អ និងមមោកព្រៃឲ្យបានច្រើន និងទៀងទាត់។
  3. កែលម្អទម្រង់ដី កុំឲ្យខ្សាច់ពេក ឬស្អិតពេក។ ក្នុងករណីដីខ្សាច់ពេក យើងគួរថែម ដីដំបូក ឬដីល្បាប់ដែលមាន ដីឥដ្ឋបន្ថែម។ បើដីរាងឥដ្ឋពេក យើងអាចបន្ថែម ដីខ្សាច់ ជីកំប៉ុស្ត ធ្យូងជីវៈ ។ល។ ដីដែលខ្សាច់ពេក ពេលសើម យើងមិនអាច លុញឲ្យមូលដូចកូនបាល់បានទេ។ ដីដែលស្អិតខ្លាំង យើងអាចលុញជាកូនបាល់ បាន តែពេលបោះទៅអត់បែក។ ដីដែលមានទម្រង់ល្អ គឺអាចលុញជាកូនបាល់ បានតែពេលបោះទៅ បែកជាដុំតូចៗបាន។
  4. ធ្វើការគ្របដីរងដំណាំ ដោយប្រើកាកសំណល់រុក្ខជាតិ មានដូចជាស្មៅ ស្លឹកឈើ កំប្លោក និងសារធាតុផ្សេងៗ។ ការគ្របនាំមកនូវផលប្រយោជន៍ ដូចជា រក្សា សំណើមដី ការពារស្មៅ ជាជម្រកដល់សត្វល្អិតរស់នៅក្នុងដី និងពេលរលួយ ក្លាយជាជី សម្រាប់ដំណាំ។
  5. ធ្វើការថែរក្សា និងបង្កើនដីស្រទាប់លើរបស់រង ឲ្យបានល្អជាប់ជានិច្ច តាមរយៈ ការបន្ថែមជីកំប៉ុស្ត ដីស្រទាប់លើពីកន្លែងផ្សេង មមោកព្រៃគ្របដី និងការមិនកាប់ ត្រឡប់។
  6. ជៀសវាងការប្រើសារធាតុគីមីសំយោគ និងសារធាតុ ដែលអាចនាំមកនូវជាតិពុល ជាពិសេស​ប៉ះពាល់ដល់សត្វល្អិត រស់នៅក្នុងដី ការលូតលាស់របស់ឬស។

ជាសរុប ការគ្រប់គ្រងជីជាតិដីរងដំណាំរបស់អ្នកឲ្យបានល្អជាប់ជានិច្ច គឺការកសាង និងសន្សំជីជាតិដីស្រទាប់លើជាប់ជានិច្ច មិនខុសពីគោលការណ៍ កសាងដីស្រទាប់លើ របស់ព្រៃធម្មជាតិទេ។

ការកសាងជីជាតិដីស្រទាល់លើ គឺកសាងមូលដ្ឋានគ្រឹះចិញ្ចឹមជីវិតរបស់កសិករ និង មនុស្សលោកគ្រប់រូប។

 

បណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...