១៨ មីនា ១៩៧០៖ មេរៀនប្រវត្តិសាស្រ្តសម្រាប់អ្នកនយោបាយជំនាន់ថ្មី

0 4,875

ថ្ងៃ ១៨ មីនា ១៩៧០ ជាថ្ងៃដែលរដ្ឋសភាជាតិបោះឆ្នោតទម្លាក់ ឬមតិខ្លះចាត់ទុកថា​ជាថ្ងៃ​ធ្វើរដ្ឋប្រហារ​ទម្លាក់​ព្រះ​បរមរតនកោដ្ឋពីប្រមុខរដ្ឋ ហើយបានផ្លាស់ប្ដូររបបដឹកនាំ​កម្ពុជាពី​របបរាជនិយមអាស្រ័យរដ្ឋធម្មនុញ្ញ មកជារបបសាធារណៈរដ្ឋនៅថ្ងៃ ០៩ តុលា ១៩៧០។

ព្រឹត្តិការណ៍នេះជាលទ្ធផលនៃការប្រឈមមុខគ្នានៃកម្លាំង ដែលមាននិន្នាការកុម្មុយនីស្ត និយម និងនិន្នាការសេរីនិងមូលធននិយម (ក្រុមឆ្វេង និងស្ដាំនិយម) ហើយដែល​ក្រោយថ្ងៃ១៨ មីនា ១៩៧០ ពួកគេបានប្រើប្រាស់​ប្រទេសកម្ពុជាជាទីលានប្រឈមផ្នែក​នយោបាយ​តាម​អំពើហិង្សា រវាងក្រុមដែលគាំទ្រដោយអាមេរិកនិងសម្ព័ន្ធមិត្ត និងមួយក្រុមទៀតគាំទ្រ​ដោយប្រទេសប្លុកកុម្មុយនីស្ត មានដូចជាចិន វៀតណាមខាងជើង (ក្រោយមកវៀតណាម)​សហភាពសូវៀតនិងប្រទេសសម្ព័ន្ធមិត្ត។

ជម្លោះ​នៃក្រុមទាំងពីរ បានបង្កឲ្យមានសង្គ្រាមស៊ីវិល ឆេះរោល ដុតរាល កម្លោច​ប្រទេសកម្ពុជា។ រហូតដល់​ថ្ងៃទី ១៧ មេសា ១៩៧៥ សម្ព័ន្ធភាពក្រុមខ្មែរគាំទ្រដោយប្លុកកុម្មុយនីស្ត បានទទួលជោគជ័យ។ ក្នុងចំណោមសម្ព័ន្ធភាពនោះ មានការបែងចែកជាក្រុមផ្សេងៗទៀតមានដូចជា ក្រុមកុម្មុយនីស្ដ​ដែលមាននិន្នាការតាមបែប​ចិន ក្រុមដែលមាននិន្នាការរាជានិយម​គាំទ្រសម្ដេចព្រះបរមរតនកោដ្ឋ និង​ក្រុមដែលមាននិន្នាការកុម្មុយនីស្ដតាមបែប​សភាពសូវៀត។

៧ មករា ១៩៧៩ ក្រុម​កុម្មុយនីស្ត ដែល​គាំទ្រដោយ​វៀតណាម និងសភាពសូវៀត ​ បានទទួលជ័យជំនះ ហើយក្រុមដែលមាននិន្នាការផ្សេងទៀត បានចាប់ដៃគ្នា ដោយមានការគាំទ្រពី​អាមេរិក ចិន ថៃ។ល។ធ្វើសង្គ្រាមប្រយុទ្ធជាមួយក្រុមកុម្មុយនីស្តដែលគាំទ្រដោយវៀតណាម សហភាពសូវៀត និងសម្ព័ន្ធមិត្ត។ រហូតដល់ថ្ងៃ ២៣ តុលា ១៩៩១ កម្ពុជា​ឈានទៅរកការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស  ដែលជំរុញនិងគាំទ្រ​ឲ្យភាគីខ្មែរ​ និងបរទេសទាំងអស់​ ​ឲ្យ​បញ្ចប់​ទំនាស់នយោបាយលើសមរភូមិសង្គ្រាមបង្ហូរឈាម មកប្រកួតប្រជែងលើទីលាន​ប្រជា​ធិបតេយ្យ​សេរីពហុបក្ស​ តាមរយៈ​ការបោះឆ្នោត​ ប្រកបដោយសេរី និងយុត្តិធម៌។ ការបោះឆ្នោត​លើកទី ១ នៅ ឆ្នាំ ១៩៩៣ ដែលរៀបចំឡើងដោយ UNTAC បាននាំមកនូវ​របប​រាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ និង​ប្រជាធិបតេយ្យសេរីពហុបក្ស។

ប៉ុន្តែគួរឲ្យសោកស្ដាយ បក្សនយោបាយនៅកម្ពុជា នូវមិនអាចធ្វើការជាមួយគ្នាក្នុងពហុគំនិត​ ក្នុងភាព​សុខដុម និងក្នុងការអភិវឌ្ឍ។ ជាលទ្ធផលនៃឥទ្ធិពលនេះ គេបាន​ជ្រើសរើស​យកការប្រឈម​បែបហិង្សា និងបានឈានទៅដល់​ព្រឹត្តិការណ៍បង្ហូរឈាមនាថ្ងៃ ៥-៦ កក្កដា ១៩៩៧។ រហូតមកដល់ពេលនេះ ហិង្សានយោបាយ និងការពឹងពាក់បរទេស​មកដោះស្រាយភាពខុសគ្នាដោយសារនិន្នាការនយោបាយ ​នៅតែ​កើត​មានឡើង​ និងចាក់ឬសនៅក្នុង​សង្គមកម្ពុជា​ ដែលបង្ហាញថា​យើងនៅ​មិនទាន់ចេះរស់​នៅ​ជាមួយគ្នា ធ្វើការជាមួយគ្នា និងអត់ឱនគ្នា​​តាមគោលការណ៍​ប្រជាធិបតេយ្យ​សេរីពហុបក្ស។

ជាមេរៀន​ពីព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ និងព្រឹត្តិការណ៍បន្តបន្ទាប់​ល្មមដល់ពេលដែល​កម្ពុជាឈប់​​ប្រើប្រាស់ហិង្សា និងការពឹងផ្អែកលើបរទេស ដើម្បីដោះស្រាយ​ភាពខុសគ្នានៃនិន្នាការនយោបាយហើយ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានគុណតម្លៃ​​ សាមគ្គី យុត្តិធម៌ និងអហិង្សា។ គណ​ប្រជាធិបតេយ្យមូលដ្ឋាន មានជំហរលើការ​ផ្សះផ្សា និងបង្រួបបង្រួមជាតិ​ ដោយជំរុញ​ឲ្យខ្មែរកុំយកគ្នាជាសត្រូវដោយសារភាពខុសគ្នានៃ​​និន្នាការនយោបាយ និងបង្កើត​ភាពជាគំរូ​ ក្នុងការធ្វើនយោបាយដោយឈរលើ​គោលការណ៍​ប្រកួត​ប្រជែង​គ្នា ក្នុងគោលបំណងដើម្បីនាំនូវភាពសម្បូរសប្បាយ ជូន​សង្គមជាតិទាំងមូល​។

ដោយបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ

Comments
Loading...