កម្មវិធីនយោបាយជាតិ ៥ចំណុចដែលនាំឲ្យខ្មែរសម្បូរបន្លែល្អបរិភោគ

0 16,396

បញ្ហាសុវត្ថិភាពចចំណីអាហារ ជាពិសេសបញ្ហាទាក់ទង «បន្លែគីមី» និងការកើនឡើងលើការនាំចូលបន្លែ ពីប្រទេសវៀតណាម កំពុងក្លាយជាប្រធានបទសំខាន់មួយក្នុងសង្គមខ្មែរ។ ដើម្បីឆ្លើយតបទៅនឹងការតិះ ទៀន និងរអ៊ូរទាំពីប្រជាពលរដ្ឋជាច្រើន សម្តេចនាយករដ្ឋមន្ត្រីខ្មែរបានលើកឡើងថា រឿងបន្លែគីមីជាការ ទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ មិនមែនជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលទេ។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋ ភាគច្រើន រួមទាំងរូបខ្ញុំផង យល់ឃើញថា រដ្ឋាភិបាលមានកាតព្វកិច្ច ក្នុងការដឹកនាំធ្វើយ៉ាងណាឲ្យ ប្រជាពលរដ្ឋគ្រប់រូប អាចទទួលបានចំណីអាហារប្រកបដោយសុវត្ថិភាព ដោយរាប់បញ្ចូលទាំងបន្លែផង (គោលនយោបាយកសិកម្ម និងចំណីអាហារ)។ យើង យល់ថារដ្ឋាភិបាល ត្រូវមានគោលនយោបាយបន្លែ និងផ្តល់ធនធានគ្រប់គ្រាន់ដើម្បីអនុវត្តគោលនយោបាយនេះ។

ខ្ញុំ បានធ្វើការទាក់ទងនឹងវិស័យបន្លែ ជាពិសេសការគាំទ្រកសិករផលិតបន្លែសរីរាង្គ តាំងពីឆ្នាំ១៩៩៥ ហើយនៅឆ្នាំ២០១៤ ខ្ញុំបានចាប់ផ្តើមធ្វើការគាំទ្រលើការផ្សារភ្ជាប់កសិករបន្លែមកទីផ្សារ។ ឈរលើបទ ពិសោធន៍ការងារ និងការសិក្សាស្រាវជ្រាវកន្លងមក ខ្ញុំយល់ឃើញថាកម្ពុជាអាចមានលទ្ធភាពផលិតបន្លែ ល្អ សម្រាប់ បំពេញតម្រូវការក្នុងស្រុក ជំនួសការនាំចូល និងឈានទៅដល់ការនាំចេញទៀតផង ប្រសិនបើយើងមានរដ្ឋាភិបាលដែលអនុវត្តនូវកម្មវិធីនយោបាយជាតិ ៥ចំណុចសំខាន់ៗ ដូចខាងក្រោម​នេះ៖

  1. ជ្រើសរើស និងគាំទ្រដល់អ្នកជំនាញខាងដឹកនាំកសិករដាំបន្លែ ដើម្បីទៅធ្វើការនៅតំបន់សក្តានុពល ក្នុងការដាំបន្លែ ដែលយើងអាចត្រូវការអ្នកជំនាញប្រមាណ៥០០នាក់ទូទាំងប្រទេស។ មន្ត្រីជំនាញ ទាំង​នោះ នឹងដឹកនាំកសិករឲ្យដាំដុះបន្ថែមតាមស្តង់ដារសរីរាង្គ និងស្តងដារសុវត្ថិភាពចំណី អាហារ។
  2. ធ្វើការកំណត់តំបន់ ដែលមានសក្តានុពលក្នុងការដាំបន្លែ គឺតំបន់ដែលមានអំណោយផលខាង ទឹក ដី និងអាកាសធាតុ និងកត្តាគមនាគមន៍។ ធ្វើការជ្រើសរើសកសិករ ដែលមានសក្តានុពល ខាងអាជីពដាំបន្លែ ដើម្បីចូលរួមជាមួយកម្មវិធីដាំបន្លែនេះ ដោយក្រុមគាត់ត្រូវបានគាំទ្រ ដោយ ក្រុមមន្ត្រីជំនាញ។ កម្ពុជា អាចត្រូវការកសិករអាជីពខាងដាំបន្លែប្រមាណ ១០០០០ ទៅ៣០០០០ នាក់ទូទាំងប្រទេស។
  3. មានកម្មវិធីឥណទាន សម្រាប់ការវិនិយោគលើការដាំបន្លែ ជាពិសេសការរៀបចំប្រព័ន្ធទឹក ដែល មានការប្រាក់យ៉ាងខ្ពស់បំផុត ៥% មួយឆ្នាំ ហើយរយៈពេលសងរំលស់ អាចរហូតដល់រយៈពេល ៥ឆ្នាំ។
  4. គាំទ្រដល់កសិករអ្នកដាំបន្លែ ចងក្រងជាសហគមន៍ ដើម្បីផ្សាភ្ចាប់មកទីផ្សារមូលដ្ឋាន និងទីផ្សារ រាជធានីភ្នំពេញ ដោយមានការគាំទ្រ ជាទុន និងបច្ចេកទេសដល់សហគមន៍ក្នុងការរៀបចំកន្លែង ប្រមូលផ្តុំស្តុកបន្លែ និងមធ្យោបាយដឹក ជញ្ជូនបន្លែមកកាន់ទីផ្សារ។
  5. គាំទ្រនូវការរៀបចំឲ្យមានកន្លែងប្រមូលផ្តុំស្តុក និងបែងចែកបន្លែនៅរាជធានីភ្នំពេញ និងតាម​ទីក្រុងផ្សេងៗ ហើយធ្វើការបែងចែកឲ្យបានច្បាស់លាស់នូវបន្លែគីមី និងបន្លែសរីរាង្គ បន្លែក្នុងស្រុក និងបន្លែក្រៅ ស្រុក ដើម្បីផ្តល់ជាជម្រើសដល់អ្នកទិញ។

នៅពេលដែលយើង មានរដ្ឋាភិបាលដែលដឹកនាំអនុវត្តនូវវិធានការនយោបាយសំខាន់ៗ ៥ចំណុចដូច រាយខាងលើ និងបែងចែកថវិកាជាតិប្រមាណ១២លានមួយឆ្នាំ ប្រហែល ០,២%នៃថវិកាជាតិសរុប កម្ពុជា ច្បាស់ជាមានសមត្ថភាពផលិតបន្លែបានគ្រប់គ្រាន់ហើយ អាចប្រកួតប្រជែងជាមួយ បន្លែនាំចូលពីបរទេស ជិតខាងបានដោយជោគជ័យ។ តែដើម្បីសម្រេចកិច្ចការនេះបាន ទាល់តែយើងត្រូវ មានពលរដ្ឋសកម្ម តំណាងរាស្ត្រល្អ ដែលចេញមុខជំរុញឲ្យរដ្ឋាភិបាលមានការអនុវត្តនូវគោលនយោបាយ ល្អៗ ដោយរាប់ ទាំងគោលនយោបាយបន្លែ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងជាតិទាំងមូល។

បណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...