ការធ្វើនយោបាយ ត្រូវមានគុណតម្លៃ

0 15,080

នៅពេលដែលយើងនិយាយអំពីរឿងនយោបាយ ឬការធ្វើនយោបាយនៅក្នុងសង្គមខ្មែរ នាពេលបច្ចុប្បន្ន មតិជាច្រើនយល់ថាជារឿងមិនល្អ ជារឿងគួរឲ្យខ្លាច ហើយមានអ្នកខ្លះ ថែម ទាំងស្អប់ខ្ពើមនយោបាយផង។ ជូនកាលមានអ្នកខ្លះថែមទាំងប្រើភាសាជេរប្រមាទបន្តុះបង្អាប់ ឬ លាបពណ៌ ដល់អ្នកនយោបាយទៀត។

ខ្ញុំយល់ថា ការគិត ឬផ្នត់គំនិតអវិជ្ជមាន របស់ប្រជាពលរដ្ឋភាគច្រើនកន្លងមកទៅលើ រឿងនយោបាយ ដោយសារការធ្វើនយោបាយក្នុងសង្គមខ្មែរមិនមានគុណតម្លៃ គោលការណ៍ និងគោលនយោបាយច្បាស់លាស់។ នេះវាមិនខុសពីលោកមហាត្មៈគន្ធីដែលធ្លាប់លើកឡើងថា ការធ្វើនយោបាយដែលគ្មានគោលការណ៍ (Politics without Principles) គឺជាអំពើបាបមួយក្នុង ចំណោមអំពើបាបទាំង៧របស់មនុស្ស។ តាមពិតនយោបាយ ជារឿងមួយសំខាន់ និងជាកិច្ចការ មួយល្អ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ពីព្រោះនយោបាយ ជារបៀបដឹកនាំ ប្រទេស ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងបញ្ហាជាតិ ហើយអ្នកនយោបាយជាអ្នកដឹកនាំ​ប្រទេស ឬជាអ្នកប្រកួតដើម្បីទទួលបានឱកាស ដឹកនាំប្រទេស។ នៅក្នុងរបបនយោបាយស្រុកខ្មែរ ដែល ដើរតាមគោលប្រជាធិបតេយ្យបែបសភានិយម អ្នកនយោបាយថ្នាក់ជាតិគ្មានអ្វី ក្រៅពី តំណាងរាស្ត្រ ឬអ្នកចេញមុខឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ។

ដើម្បីឲ្យនយោបាយ ក្លាយជាកិច្ចការល្អប្រជាពលរដ្ឋគ្រប់រូបអ្នកនយោបាយ និងគណបក្ស នយោបាយ ត្រូវកសាងខ្លួនតាមចំណុច គ៤ គឺ គុណតម្លៃ គោលបំណងវែងឆ្ងាយ គោលការណ៍ និងគោលនយោបាយ។ ចំពោះខ្ញុំ អ្វីដែលសំខាន់បំផុត គឺគុណតម្លៃ គឺជាអ្វីដែលយើងគោរព ស្រឡាញ់ និងឲ្យតម្លៃនៅពេលធ្វើអ្វីមួយ។ គុណតម្លៃ ប្រៀបដូចជាបេះដូងរបស់អ្នកនយោបាយ ឬរបស់គណបក្ស។

តាមរយៈអត្ថបទនេះ ខ្ញុំធ្វើការបកស្រាយនូវគុណតម្លៃ របស់គណបក្សប្រជាធិបតេយ្យ-មូលដ្ឋាន ដែលខ្ញុំបានចូលរួមបង្កើតតាំងពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ ជាមួយលោកបណ្ឌិត កែម

ឡី និងស្ថាបនិកដទៃទៀត។

គុណតម្លៃ របស់ គបម

គុណតម្លៃ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) មានចំនួន៥ តែជាផ្លូវការយើង

ច្រើនបង្ហាញចំនួន៣ គឺ សាមគ្គីភាព យុត្តិធម៌ និងអហិង្សា ហើយគុណតម្លៃ ២ទៀតគឺ    សេរីភាព និងសុចរិតភាព

គុណតម្លៃទី១ ៖ សាមគ្គីភាព

 • ធ្វើនយោបាយដោយមិនឲ្យខ្មែរបែកបាក់គ្នាដោយសារតែនិន្នាការនយោបាយ
 • លើកស្ទួយការសហការគ្នារវាងប្រជាពលរដ្ឋ ជាសមាគម សហគមន៍ សហជីព ក្រុមហ៊ុន ជាដើម និងបណ្ដុះស្មារតីជួយគ្នាទៅវិញទៅមករវាងប្រជាពលរដ្ឋ
 • រៀបចំឲ្យមានរដ្ឋាភិបាលសាមគ្គីជាតិមួយ ដែលមានការចូលរួមពីគណបក្សនយោ​បាយ ដែលមានសំឡេងតិចជាង ហើយមានអាសនៈនៅក្នុងសភា តាមគោលការណ៍ចែក ការទទួលខុសត្រូវ ដើម្បីផលប្រយោជន៍ជាតិ។

គុណតម្លៃទី២៖ យុត្តិធម៌

 • ប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវការធានាស្មើភាពគ្នាចំពោះមុខច្បាប់តាមគោលការណ៍ នីតិរដ្ឋ និងប្រព័ន្ធតុលាការមួយ ដែលឯករាជ្យ យុត្តិធម៌
 • ប្រជាពលរដ្ឋគ្រប់រូប គ្រប់ទីកន្លែង ទទួលបានសេវាសាធារណៈល្អដូចគ្នា ជាពិសេស សេវាអប់រំ សេវាសុខាភិបាលល្អ និងសេវាសង្គមកិច្ច។
 • ប្រជាពលរដ្ឋគ្រប់រូប មានឱកាសដូចៗគ្នាក្លាយជាអ្នកនយោបាយ ឬអ្នកដឹកនាំនៅ ថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។

គុណតម្លៃទី៣៖ អហិង្សា

 • ការពារកុំឲ្យកើតមានឡើងនូវអំពើហិង្សាផ្សេងៗក្នុងសង្គមខ្មែរជាពិសេសតាមរយៈការលើកស្ទួយគុណតម្លៃទាំងអស់របស់ គបម
 • មិនធ្វើនយោបាយដែលនាំមកនូវហិង្សា ដូចជាការប្រើភាសា ជេរប្រមាទ លាបពណ៌ ញុះញង់ មូលបង្កាច់ បោកប្រាស់ជាដើម
 • មិនប្រើប្រាស់មធ្យោបាយហិង្សា ដើម្បីឈានទៅកាន់អំណាច គឺដើរតាមតែ គោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស ជាពិសេសតាមរយៈមធ្យោបាយបោះឆ្នោតដោយសេរី និង យុត្តិធម៌។

គុណតម្លៃទី៤៖ សេរីភាព

 • ធានាឲ្យប្រជាពលរដ្ឋមានសេរីភាពនយោបាយដូចជា សេរីភាពបង្កើត និងចូលរួមជាមួយ គណបក្សនយោបាយ ជាមួយសមាគម សហជីព និងសហគមន៍។ល។
 • លើកស្ទួយសេរីភាពសេដ្ឋកិច្ចតាមគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី ជាពិសេសបង្កបរិ​យា- កាសល្អដល់ភាពរីចម្រើននៃវិស័យឯកជន ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម និងលើកស្ទួយយុវជន និងស្ត្រីឲ្យក្លាយជាសហគ្រិនជោគជ័យ
 • ធានាឲ្យមានសេរីភាពខាងជំនឿ និងសាសនា និងគាំទ្រឲ្យមានការសន្ទនាមតិ រវាង ក្រុមសាសនាផ្សេងៗ។

គុណតម្លៃទី៥៖ សុចរិតភាព

 • រៀបចំឲ្យមានគោលនយោបាយដែលមានភាពសមស្របទៅតាមតម្រូវការជាក់ស្តែងរបស់ប្រជាជន និងប្រទេសជាតិ
 • ធ្វើការអនុវត្តឲ្យបានល្អនូវគោលនយោបាយដែលបានសន្យាជាមួយម្ចាស់ឆ្នោត
 • មានការទទួលខុសត្រូវចំពោះម្ចាស់ឆ្នោត និងសមាជិក ក្នុងករណីអនុវត្តមិនបានល្អនូវគោលការណ៍ និងគោលនយោបាយតាមពាក្យសន្យា ជាពិសេសមានយន្តការផ្ទៃក្នុងបក្ស ឲ្យសមាជិកដកតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រី មុនអាណត្តិ។

គុណតម្លៃទាំង៥នេះ មានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយជាមូលដ្ឋានគ្រឹះ ក្នុង ការរៀបចំ និងអនុវត្តគោលនយោបាយ ដើម្បីសម្រេចនូវគោលបំណងវែងឆ្ងាយ របស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គបម) ជាពិសេស គោលនយោបាយអាទិភាព ស៥ និងកម្មវិធី នយោបាយ ១២៥ចំណុច។

និពន្ធដោយ បណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...