ការអនុវត្តគោលការណ៍សមាជិកាធិបតេយ្យ របស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក្នុងការរៀបចំបេក្ខជនតំណាងរាស្ត្រ២០១៨ (១៣ មីនា ២០១៨)

0 1,616

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រកាន់យកគោលការណ៍សំខាន់មួយ គឺសមាជិកាធិបតេយ្យ និងធ្វើប្រជាធិបតេយ្យពីក្រោមមកលើ។ ក្នុងន័យ សមាជិកនៅតាមមូលដ្ឋាន ឬសមាជិក តាម រាជធានី ខេត្ត មានសិទ្ធិអំណាច ចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗរបស់គណបក្ស ជាពិសេស ការបោះឆ្នោតជ្រើសរើសបេក្ខជនឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រ។

កន្លងមក យើងមានបែងចែកសមាជិកជា ២ប្រភេទ គឺ សមាជិកគាំទ្រ និងសមាជិកជំហរ។ ជាទូទៅ សមាជិក ជំហរ ជាអ្នកចេញមុខឈរឈ្មោះជាបេក្ខជនដឹកនាំបក្ស និងជាបេក្ខជនតំណាងរាស្ត្រ ហើយដើម្បីក្លាយជាសមាជិក ជំហរ ពលរដ្ឋម្នាក់ត្រូវមានការយល់ដឹងពី គបម ជាពិសេស គោរពគុណតម្លៃ និងគោលការណ៍ គបម ហើយមាន អ្នកគាំទ្រ ១០នាក់ឡើងទៅ។

សម្រាប់ការបោះឆ្នោត២០១៨នេះ គបម បាន និងកំពុងរៀបចំការបោះឆ្នោតជ្រើសតាំងលេខរៀងបេក្ខជន តាមគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស។ ចំណុចសំខាន់ ដែលយើងត្រូវពិនិត្យ ឡើងវិញ ឬបំភ្លឺ ឲ្យបានច្បាស់ តើសមាជិកមួយណាមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត? ហើយសមាជិកមួយណា មានតែសិទ្ធិបោះឆ្នោត? ព្រមទាំង អ្នកណាខ្លះ មានសិទ្ធិគ្រាន់តែចូលរួម សង្កេតការណ៍បោះឆ្នោតពេលសមាជ? ហើយអ្វីជា គោលការណ៍ និងនីតិវិធី ក្នុងការបញ្ចូលបេក្ខជនឈរឈ្មោះ និងអង្គបោះឆ្នោត?

ឈរលើបទពិសោធន៍កន្លងមក និងការបោះឆ្នោតនៅភ្នំពេញ សៀមរាប និងរនតគីរី យើង រៀបចំ គោលការណ៍ និងនីតិវិធីដូចខាងក្រោមនេះ៖

  1. សមាជិកឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រ

សមាជិកជំហរ ដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ (ឬបេក្ខជន) ត្រូវបំពេញនូវ លក្ខខណ្ឌ ដូចខាងក្រោម៖

    1. ត្រូវមានការយល់ដឹងពី គ៤ ស៥
    2. ត្រូវមានអ្នកគាំទ្រយ៉ាងតិចបំផុត ១០នាក់
    3. ត្រូវមានពេលវេលាគ្រប់គ្រាន់ សម្រាប់សកម្មភាពគណបក្ស ជាពិសេស ឃោសនា និងរកអ្នកគាំទ្រ គបម
    4. ត្រូវចូលរួមវិភាគទានទ្រទ្រង់បក្សប្រចាំខែ ឬប្រចាំឆ្នាំទៀងទាត់ដោយបរិមាណយ៉ាង តិចបំផុត ១០០០០រៀល ១ខែ (រាជធានី ខេត្ត អាចកំណត់ដោយខ្លួនឯង)
    5. មានអាយុចាប់ពី២៥ឆ្នាំឡើងទៅ និងបានចុះឈ្មោះបោះឆ្នោត។

សមាជិកឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ (ឬហៅថា បេក្ខជនឈរឈ្មោះ) ក៏ជាអ្នកមាន សិទ្ធិបោះឆ្នោតដែរ (ឬអង្គបោះឆ្នោត)។

  1. សមាជិកជំហរ ជាអង្គបោះឆ្នោត

សមាជិកដែលមិនឈរឈ្មោះ តែមានសិទ្ធិបោះឆ្នោតរើសលេខរៀងបេក្ខជន ហើយក៏មាន សិទ្ធិស្នើដក និងបោះឆ្នោតដកសេចក្តីទុកចិត្ត (ទៅតាម គោលការណ៍ និងនីតិវិធី គបម ដែលមាន ចែងដាច់ដោយឡែក) តំណាងរាស្ត្រជាប់ឆ្នោត យើងគួរហៅថា អង្គបោះឆ្នោត គបម។

ដើម្បីក្លាយជាអង្គបោះឆ្នោត គបម សមាជិកត្រូវបំពេញនូវចំណុចសំខាន់ៗ ដូចជាងក្រោម៖

  1. មានអាយុ ចាប់ពី ១៨ឆ្នាំឡើងទៅ
  2. មានការយល់ដឹងខ្លះៗពី គ៤ ស៥ (តែត្រូវបង្រៀន ឬរៀនបន្ថែម)
  3. មានអ្នកគាំទ្រ (ចាប់ពី ៥ ឬ១០នាក់ ឡើងទៅ)
  4. ចូលរួមវិភាគទានគាំទ្រ គបម ទៀងទាត់ (រាជធានី ខេត្ត អាចកំណត់ដោយបរិមាណ ខ្លួនឯង)
  5. បានចុះឈ្មោះបោះឆ្នោតជាមួយ គជប

ទាំងសមាជិកឈរឈ្មោះ(សមាជិកជំហរ) និងសមាជិកដែលជាអង្គបោះឆ្នោត គឺជាប្រតិភូ តំណាងរបស់ សមាជិក គបម ហើយមានសារៈសំខាន់ដូចគ្នា គ្រាន់តែមួយឈរឈ្មោះ ហើយមួយទៀតមិនឈរឈ្មោះជាបេក្ខជន តំណាងរាស្ត្រ។ ទោះបីអ្នកមិនឈរឈ្មោះជាបេក្ខជន ឬអ្នកមិនបានជាប់ជាតំណាងរាស្ត្រ ក៏មានសិទ្ធិអំណាច ក្នុងការចូលរួមការសម្រេចចិត្តផ្សេងៗ ជាពិសេស ធ្វើយ៉ាងណា ឲ្យតំណាងរាស្ត្រ គបម មានគណនេយ្យភាពចំពោះ ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

ដើម្បីឲ្យមូលដ្ឋានគ្រឹះប្រជាធិបតេយ្យរឹងមាំ តាមគោលការណ៍សមាជិកាធិបតេយ្យ យើងត្រូវរួមគ្នារើស ប្រតិភូតំណាងឲ្យបានច្រើននាក់ចូលរួមសកម្មជាអង្គបោះឆ្នោត ក្នុងការរើសបេក្ខជនឈរឈ្មោះ ជួយរកសំឡេង ឆ្នោតគាំទ្របេក្ខជនគបម និងតាមដានវាយតម្លៃការងារតំណាងរាស្ត្រ គបម ពេលជាប់ឆ្នោតហើយ។ ក្រុមប្រតិភូ តំណាងរបស់ គបម តាមខេត្ត/រាជធានី នឹងដើរតួយ៉ាងសំខាន់ ដូចជា សភាពលរដ្ឋមូលដ្ឋាន ដែលមានអាណត្តិ ច្បាស់លាស់ (រយៈពេល៥ឆ្នាំ)។ ទោះបីជាបេក្ខជន គបម មិនបានជាប់ឆ្នោតជា តំណាងរាស្ត្រ ក៏យើងអាចបន្ត សកម្មភាពប្រៀបដូចជា តំណាងរាស្ត្រស្រមោល ដើម្បីចូលរួមចំណែកឲ្យ ប្រជាធិបតេយ្យនៅមូលដ្ឋានមានភាព រស់រវើកឡើង។ យើងនឹងរៀបចំឯកសារដាច់ដោយឡែក បន្ថែមទាក់ទងការងារនេះ។

  1. សមាជិកគាំទ្រ និងអ្នកគាំទ្រ គបម

ក្រៅពីបេក្ខជនឈរឈ្មោះ និងអង្គបោះឆ្នោត យើងមានប្រជាពលដ្ឋ ដែលជាអ្នកគាំទ្រ គបម គឺសំដៅទៅ លើប្រជាពលរដ្ឋដែលគាំទ្រ គបម ឬគាំទ្រសមាជិក គបម ក៏ប៉ុន្តែគាត់ មិនចង់ចេញមុខ ឬមិនមានពេលច្រើន សម្រាប់ចូលរួមសកម្មភាព គបម ហើយក៏មិនចង់បានសិទ្ធិចូលរួមការសម្រេចចិត្តសំខាន់ៗឡើយ ហើយគាត់ផ្តល់ សិទ្ធិទាំងនេះដល់តំណាងរបស់គាត់។ ជាទូទៅគាត់ចូលរួមសកម្មភាព គបមដោយស្ម័គ្រចិត្ត ដូចជាផ្សព្វផ្សាយបន្ត និងផ្តល់ថវិកាតាមការស្ម័គ្រចិត្ត។

យើងធ្វើការបែងចែក អ្នកគាំទ្រជាពីរប្រភេទ ទី១ គឺអ្នកផ្តល់ស្នាមមេដៃគាំទ្រដល់សមាជិកជំហរ (បេក្ខជន និងអង្គបោះឆ្នោត) ដែលយើងហៅថា “សមាជិកគាំទ្រ” និងអ្នកដែលមិនបានផ្តល់ ស្នាមមេដៃ ដែលយើងហៅថា “អ្នកគាំទ្រ”។

ទោះបីជា សមាជិកគាំទ្រ និងអ្នកគាំទ្រមិនមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត តែគាត់មាន សិទ្ធិ ចូលរួមការប្រជុំផ្សេងៗរបស់ គបម ជាពិសេស សមាជរៀបចំលេខរៀងបេក្ខជន គបម ក្នុងងនាមជា អ្នកសង្កេតការណ៍។ គាត់ក៏មានឥទ្ធិពលលើការសម្រេចចិត្តសំខាន់ៗរបស់គបម តាមរយៈប្រតិភូតំណាងរបស់គាត់។

ជាសរុបមក យើងបែងចែកអ្នកចូលរួមជីវភាពនយោបាយជាមួយ គបម ជាពីរក្រុមធំៗ ទី១ គឺសមាជិកជំហរ ទី២ អ្នកគាំទ្រ។ សមាជិកជំហរ យើងបែងចែកជាពីរដែរ គឺបេក្ខជនឈរឈ្មោះ និងអង្គបោះឆ្នោត។ អ្នកគាំទ្រ ក៏មានពីរប្រភេទដែរ គឺ អ្នកដែលគាំទ្រតាមរយៈការផ្តល់ស្នាមមេដៃដល់សមាជិកជំហរ និងអ្នកគាំទ្រដែលមិនផ្តល់ ស្នាមមេដៃ។ ដើម្បីឲ្យ​ គបម មានភាពរឹងមាំ ហើយទទួលបានជោគជ័យ យើងត្រូវមានការចូលរួម​ដោយប្រសិទ្ធិ ភាពពីប្រជាពលរដ្ឋសកម្ម ក្នុងរូបភាពជា បេក្ខជនឈរឈ្មោះ (ដែលមានសរុបដល់ ៣០០រូប) ជាប្រតិភូតំណាង អ្នកគាំទ្រ គបម ដែលដើរតួ ជាអង្គបោះឆ្នោត (យកល្អឲ្យបានលើសពី ១០០០នាក់ទូទាំងប្រទេស) និងសមាជិក គាំទ្រគបម ព្រមទាំងអ្នកគាំទ្រទូទៅ។ ជាសរុប សមាជិក គបម គឺសមាជិកជាបេក្ខជន សមាជិកជាអង្គបោះឆ្នោត និងសមាជិកជាអ្នកផ្តិតស្នាមមេដៃគាំទ្រ។

  1. គោលការណ៍ និងនីតិវិធីនៃការបញ្ចូលសមាជិក

កន្លងមក គបម ដើរតាមគោលការណ៍ និងនីតិវិធីខាងក្រោមនេះ៖

  1. សមាជិកជំហរ៥នាក់ដំបូង សម្រេចដោយថ្នាក់ជាតិ។ អ្នកទាំង៥នាក់ ក្លាយជាក្រុមការងារ គបម។
  2. សមាជិកជំហរទី៦ សម្រេចដោយសមាជិកជំហរ៥នាក់ដំបូង។ សមាជិកជំហរទី៧ ត្រូវ សម្រេចដោយសមាជិកជំហរ៦នាក់ដំបូង។
  3. នៅពេលមានសមាជិកជំហរ ចាប់ពី៧នាក់ឡើងទៅ យើងរៀបចំឲ្យមានសមាជ រើសប្រធានប្រតិបត្តិ ខេត្ត តំណាងយុវជន តំណាងយុវនារី និងតំណាងស្ត្រី។ ប្រធានប្រតិបត្តិ ដែលជាប់ឆ្នោត ធ្វើការស្នើសុំ តែងតាំង អនុប្រធាន ហេរញ្ញិក និងលេខាធិការ។ ជាសរុប គបប​ រាជធានី/ខេត្ត មានសមាជិកចំនួន ៧នាក់។ គបប ធ្វើការដឹកនាំពង្រឹង និងពង្រីក សមាជិក និងរៀបចំរចនាសម្ព័ន្ធតាមមូលដ្ឋាន ជាពិសេស រចនាសម្ព័ន្ធដើម្បីចាត់ចែង ការងារចូលរួមបោះឆ្នោតតំណាងរាស្ត្រ។

ជាគោលការណ៍ គបម ធ្វើការបើកចំហរ ក្នុងការទទួលសមាជិក និងអ្នកគាំទ្រ ឲ្យបានច្រើន នៅទូទាំងប្រទេស។ សមាជិកជំហរគ្រប់រូប រួមទាំងតំណាងថ្នាក់ជាតិ មានសិទ្ធិ និងកាតព្វកិច្ច រក សមាជិក និងអ្នកគាំទ្រ។ ក៏ប៉ុន្តែ រឿងដែលសំខាន់គឺ គបម តាមរាជធានី/ខេត្តនីមួយៗ ត្រូវអនុវត្ត តាមនីតិវិធីឲ្យបានត្រឹមត្រូវ និងច្បាស់លាស់បំផុត គឺការរើស និងបញ្ចូលសមាជិក ដែលត្រៀមខ្លួន ជាបេក្ខជនតំណាងរាស្ត្រ និងសមាជិក ដែលជាអង្គបោះឆ្នោត ដោយអ្នកទាំងនោះ ត្រូវឆ្លងកាត់ ការសម្ភាសពីសមាជិកចាស់ និងឆ្លងកាត់ការយល់ ព្រមពីសមាជិកជំហរចាស់ ឬពី គបប រាជធានី/ខេត្ត។ លើសពីនេះទៀត ការសម្រេចដាក់លេខរៀងបេក្ខជន តំណាងរាស្ត្រ ក៏ត្រូវសម្រេចដោយ សមាជិកជំហរទាំងអស់ ដែលជាអង្គបោះឆ្នោត តាមរយៈការបោះឆ្នោតផ្ទៃក្នុង បក្ស ដោយសេរី និងយុត្តិធម៌។ តែក្នុងករណី រាជធានី/ខេត្ត មិនអាចរកបេក្ខជនឈរឈ្មោះបានគ្រប់ចំនួន តាមច្បាប់ បោះឆ្នោតកំណត់ គបប ថ្នាក់ជាតិ ដោយមានការឯកភាពពី សមាជិកគណៈកម្មាធិការនាយក នឹង ធ្វើការសម្រេចលើការដាក់បញ្ជីឈ្មោះបេក្ខជន។

ចំណុចសំខាន់ៗទាក់ទងទៅនឹងគោលការណ៍ និងនីតិវិធីជ្រើសរើស និងពង្រីកសមាជិកជំហរ តាម រាជធានី/ខេត្ត មានដូចខាងក្រោម៖

  1. សមាជិកជំហរមាន”សមាជិកឈរឈ្មោះជាបេក្ខជន និងជាអង្គបោះឆ្នោត “និង”សមាជិកជំហរដែលគ្រាន់ តែជាអង្គបោះឆ្នោត”។
  2. អ្នកគាំទ្រ ជាសមាជិកគាំទ្រតាមរយៈការផ្តិតមេដៃគាំទ្រសមាជិកជំហរ និងអ្នកគាំទ្រទូទៅ។
  3. តាមរាជធានី ខេត្ត សមាជិកជំហរ៥នាក់ដំបូង ត្រូវបានសម្រេចដោយថ្នាក់ជាតិ ហើយ សមាជិកជំហរបន្ទាប់ ត្រូវបានសម្រេចដោយ សមាជិកជំហរ៥នាក់ដំបូង តាមគោលការណ៍ វិមជ្ឈការ និងអ្នកចាស់ សម្រេចរើស អ្នកថ្មី។
  4. សមាជិកជំហរ ចាប់ពី៧នាក់ឡើងទៅ អាចរៀបចំសមាជរើស គបប រាជធានី/ខេត្ត ហើយ គបប ធ្វើកាដឹកនាំពង្រីកសមាជិកបន្ថែម តាមគោលការណ៍ និងនីតិវិធីរបស់ គបម។
  5. ក្នុងករណី សមាជិកជំហរថ្មី មិនត្រូវបានសម្រេចឲ្យចូល ឬមិនទាន់ឲ្យចូលទេ អ្នកណែនាំ មានសិទ្ធិប្តឹងមក គណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ-គវវ។
Comments
Loading...