ធ្វើដូចម្តេចដើម្បីក្លាយជាមនុស្សរៀនពូកែ និងរកការងារល្អបានធ្វើ

0 22,503

អត្ថបទចែករំលែកដល់ប្អូនៗយុវជន និងយុវនារីខ្មែរ

គោលបំណងរបស់យុវវ័យគ្រប់រូប សុទ្ធតែចង់ក្លាយជាមនុស្សរៀនពូកែ ហើយពេលរៀនចប់បានការងារល្អធ្វើ។ ក្នុងនាមខ្ញុំ ដែលជាអតីតយុវជនមួយរូបធ្លាប់ឆ្លងកាត់ការសិក្សា និងការងារអស់  រយៈពេលប្រមាណ​​ ៤០ឆ្នាំ (បច្ចុប្បន្នខ្ញុំអាយុ​ ៥២ឆ្នាំហើយ) ទទួលបានបទពិសោធន៍ និងការយល់ដឹងមួយចំនួនដែលខ្ញុំសូមធ្វើការចែករំលែកជូនប្អូនៗ​ ក្មួយៗទាំងអស់ តាមគោលការណ៍អ្នកជំនាន់មុនចែករំលែកបន្តដល់អ្នកជំនាន់ក្រោយ អ្នកចេះតិច បង្រៀនអ្នកចេះច្រើន។ មុននឹងនិយាយដល់​ការងារ ដំបូងខ្ញុំនិយាយពីការសិក្សាសិន បន្ទាប់មកនិយាយទាក់ទងការងារ។

រៀនពូកែ អាចន័យផ្សេងៗគ្នា សម្រាប់អ្នកខ្លះរៀនពូកែ មានន័យថា រៀនបានលេខល្អ  អ្នកខ្លះទៀតរៀនពូកែ គឺរៀនបានប្រឡងជាប់  អ្នកខ្លះទៀតរៀនពូកែគឺ រៀនចេះ ហើយអាចយកចំណេះទៅបម្រើការងារចិញ្ចឹមជីវិតបាន។

ខ្ញុំក៏ជាមនុស្សម្នាក់ដែលមានចំណុចពូកែទាំង៣នេះដែរ ឧទាហរណ៍ ខ្ញុំធ្លាប់ប្រឡងមិនដែលធ្លាក់ ធ្លាប់រៀនបានជាប់លេខ១ក្នុងថ្នាក់ ធ្លាប់ជាប់ជានិស្សិតពូកែបានទទួលមេដាយ និងរង្វាន់ជាលុយកាក់ ប្រាក់ អាហារូបករណ៍។ កាលពីបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់ ធ្លាប់ជាប់ជានិស្សិតរៀនភាសាអាល្លឺម៉ង់ពូកែជាងគេកាលពីឆ្នាំ១៩៨៥ ហើយក៏ធ្លាប់គ្រូឲ្យជាប់មុនដោយមិនបាច់ទៅប្រឡងចំនួន២ដង ។

ឈរលើបទពិសោធន៍កន្លងមក ខ្ញុំសូមផ្តល់ជាចំណុចសំខាន់ៗមួយចំនួនសម្រាប់ប្អូនៗយកទៅពិចារណាទាក់ទងនឹងការរៀនពូកែនេះ។

ចំណុចទី១-រៀន ជាកិរិយាស័ព្ទ មានន័យថា ជាសកម្មភាព ឬជាទង្វើជាក់ស្តែង។ សកម្មភាព ដែលបង្ហាញថា មនុស្ស១នាក់រៀន មានដូចជា អាន សរសេរ ស្តាប់ និយាយ ឬពន្យល់។ មានន័យថា បើអ្នកចង់រៀនបានពូកែ ទាល់តែឧស្សាហ៍ អាន សរសេរ ស្តាប់ ហើយពន្យល់ ឬយ៉ាងអន់ណាស់   ឧស្សាហ៍ អាន និងសរសេរឲ្យបានច្រើន។ ខ្ញុំជាមនុស្សចូលចិត្តអានណាស់ ខ្ញុំចាប់ផ្តើមអានកាសែតតាំងពីខ្ញុំចេះអក្សរ គឺនៅឆ្នាំ១៩៧៣។ រហូតដល់សព្វថ្ងៃ ខ្ញុំនៅតែអានជាប់ជានិច្ច។

មួយទៀតខ្ញុំ ក៏ចូលចិត្តសរសេរដែរ។ ទាក់ទងការសរសេរមាន២ ទី១ សរសេរចម្លង និងទី២ សរសេរអំពីគំនិត ការយល់ឃើញ ការសង្កេតឃើញ និងសកម្មភាពផ្ទាល់ខ្លួន។ ការសរសេររបៀបទី២នេះ ជាអ្វីដែលខ្ញុំតែងតែអនុវត្តជាប់ជានិច្ច ហើយជាការសរសេរមួយដែលជួយដល់ការអភិវឌ្ឍខួរក្បាល និងគំនិត​។ ខ្ញុំតែងតែ    ជម្រុញឲ្យអ្នកដែលធ្វើការជាមួយខ្ញុំសរសេរឲ្យបានរាល់ថ្ងៃ មួយថ្ងៃពី ១០-១៥នាទីដែរ ជាពិសេសសរសេរនូវអ្វីដែលបានធ្វើ និងបានយល់ឃើញ។

ខ្ញុំក៏ជាមនុស្សចូលចិត្តស្តាប់ដែរ ជាពិសេសវិទ្យុ ហើយការស្តាប់នេះ ធ្វើឲ្យខ្ញុំក្លាយជាមនុស្សពូកែភាសា។ តាំងពីនៅកុមារភាព ខ្ញុំចូលចិត្តស្តាប់វិទ្យុនិយាយភាសាអង់គ្លេសដែលជួយខ្ញុំឲ្យចេះភាសាប្រើការបាន និងយល់ដឹងច្រើនពីសភាពការណ៍ពិភពលោក។

ខ្ញុំជាមនុស្សចូលចិត្តពន្យល់ ឬបង្រៀនគេដែរ ហើយប្រើឱកាសដែលគ្រូឲ្យឡើងធ្វើការបង្ហាញពីប្រធានបទអ្វីមួយ (Presentation) ខ្ញុំក៏ជាមនុស្សចូលចិត្តនាំគេជជែកនូវអ្វីដែលខ្ញុំបានរៀន​។ ហើយខ្ញុំយល់ថា ការបង្កើតក្រុមសិក្សា និងជំនុំគ្នាពីមេរៀន គឺជាសកម្មភាពល្អមួយដែលយុវជនគ្រប់រូបគួរអនុវត្ត។ខ្ញុំនៅចងចាំមិនភ្លេច គឺនៅពេលមួយក្នុងឆ្នាំ១៩៨៤ គ្រូភាសាអាល្លឺម៉ង់ ឲ្យខ្ញុំឡើងបង្ហាញពី បុណ្យចូលឆ្នាំខ្មែរជាភាសាអាល្លឺម៉ង់។ ពេលនោះខ្ញុំទើបរៀនភាសាអាល្លឺម៉ង់បានប្រហែលតែ ៣ខែ ហើយមិនដែលធ្លាប់ឡើងនិយាយរបៀបនេះទេ។ ពេលនោះខ្ញុំបានធ្វើការបកស្រាយបានតែ ២-៣ ឃ្លា ដែលធ្វើឲ្យខ្ញុំមានការខ្មាសគ្រូ និងនិស្សិតបរទេសផ្សេងទៀត។ តែក្រោយមក ខ្ញុំខំហាត់បន្ថែម ធ្វើឲ្យខ្ញុំក្លាយជានិស្សិតល្អមួយរូប។

ចំណុចទី២ គឺការរំលឹកឡើងវិញ ក៏ជាសកម្មភាពមួយដ៏សំខាន់បំផុតរបស់អ្នករៀនពូកែ។ សុភាសិត  អាល្លឺម៉ង់មួយនិយាយថា «ការរំលឹកឡើងវិញជាមាតានៃគតិបណ្ឌិត»។ កំពូលអ្នកប្រាជ្ញជនជាតិអ៊ីតាលី លោក Leonardo Da​ ​Vinci បាននិយាយថា «ការរំលឹកឡើងវិញ ជាអាថ៌កំបាំងនៃការចងចាំ»។ ខ្ញុំជាមនុស្សឧស្សាហ៍រំលឹកឡើងវិញដែរ គឺរំលឹកឡើងវិញតាមរយៈ អាន សរសេរ ស្តាប់ និយាយឲ្យគេស្តាប់ ឬបង្រៀនគេ។ ការរំលឹកឡើងវិញមាន២ គឺការរំលឹកឡើងវិញដោយសូត្រទន្ទេញ ឬសរសេរយកចាំ (ភាសា​អង់គ្លេសហៅថា memorize) និងការរំលឹកឡើងវិញ តាមរបៀបនឹកឃើញឡើងវិញដោយប្រើ សមត្ថភាពខួរក្បាល (ដែលភាសាអង់គ្លេសហៅថា recall)។

នៅក្នុងការងារសិក្សា ការងារ និងជីវិតប្រចាំថ្ងៃ យើងត្រូវការអនុវត្តនូវការរំលឹកឡើងវិញទាំងពីរប្រភេទនេះ។ ឧទាហរណ៍ ការចាំឈ្មោះ និងថ្ងៃខែឆ្នាំ (ដូចជាការសិក្សា ភូមិវិទ្យា ប្រវត្តិវិទ្យាជាដើម) ក៏ដូចជាមានសមត្ថភាពខួរក្បាលល្អក្នុងការហៅមកវិញ ឬនឹកឡើងវិញនូវគំនិត ខ្លឹមសារសំខាន់​ៗ។ ចំណុចខ្លាំងរបស់ខ្ញុំ គឺពូកែហៅមកវិញ ឬចងចាំនូវគំនិតសំខាន់ៗ ដោយខ្ញុំឧស្សាហ៍ហាត់ការរំលឹកឡើងវិញតាមរយៈបិទភ្នែកប្រមូលអារម្មណ៍ និងឧស្សាហ៍សរសេរនូវអ្វីដែលខ្ញុំនឹកឃើញ និងចងចាំ។ ឧទាហរណ៍ សឹងតែរៀងរាល់ថ្ងៃ ខ្ញុំចំណាយពេល ៥ ទៅ ១៥នាទី ឬអាចលើសពីនេះ អង្គុយបិទភ្នែក ហើយបន្ទាប់មកសរសេរនូវអ្វីដែលខ្ញុំចងចាំ ឬនឹកឃើញទាក់ទងនឹងសកម្មភាព និងគំនិតផ្សេងៗប្រចាំថ្ងៃ។ ការធ្វើរបៀបនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានគំនិតច្រើន ចងចាំច្រើន និងសមត្ថភាពខួរក្បាលខ្ញុំក្នុងការបញ្ចេញគំនិតយោបល់កាន់តែកើន។

ចំណុចទី៣ គឺខ្ញុំសូមចែករំលែកទាក់ទងការប្រឡង។ តាំងពីប្រឡងមក ខ្ញុំមិនដែលចេះធ្លាក់ទេ។ ឧទាហរណ៍ជាក់ស្តែងនៅពេលខ្ញុំប្រឡងចូលរៀនសាលាបឹងត្របែកកាលពីឆ្នាំ១៩៧៣ (ដែលជាសាលាកូនខ្មែរ រៀនភាសាអង់គ្លេសជាសាភាទី២) គេភាគច្រើនធ្លាក់ តែខ្ញុំជាប់ទោះបីជាមិនបាននិទ្ទេសល្អក៏ដោយ សំខាន់បានជាប់ចូលរៀនភាសានេះ។ ដូចគ្នាដែរ កាលពីឆ្នាំ១៩៨១ ខ្ញុំបានប្រឡងផ្លោះពីថ្នាក់ទី៦ ចូលមកថ្នាក់ទី៨ មណ្ឌលប្រឡងភាសាកុមារី គឺក្នុងមួយថ្នាក់ប្រឡង តាមខ្ញុំចាំជាប់បានតែ២នាក់ គឺរូបខ្ញុំ និងលោក យាន កុសល ទោះបីជាមិនបាននិទ្ទេសល្អក៏ដោយ តែបានជាប់ចូលរៀនថ្នាក់ទី៨។ ចំពោះបទពិសោធន៍សំខាន់ៗទាក់ទងការប្រឡងមាន៖

១-ត្រៀមខ្លួនឲ្យបានល្អ ជាពិសេសឧស្សាហ៍រំលឹកឡើងវិញ ឧស្សាហ៍សរសេរ អាន ជជែកគ្នាឡើងវិញពីអ្វីដែលបានរៀន កុំឲ្យដូចពាក្យចាស់បុរាណខ្មែរពោលថា «គោបាត់ទើបធ្វើរបង ដល់ពេលប្រឡងទើបខំរៀន»។

២-ជាទូទៅយើងរៀនមុខវិជ្ជាច្រើន តែយកល្អគួរផ្តោតបន្ថែមលើមុខវិទ្យាដែលជាចំណុចខ្លាំងរបស់អ្នក ដែលអ្នកចូលចិត្តជាងគេ។

៣-នៅពេលប្រឡងគ្រប់មុខវិជ្ជា ជាទូទៅតែងមានសំណួរ ឬលំហាត់ស្រួល លំបាក ល្មម និងលំបាកខ្លាំង។ ខ្ញុំចូលចិត្តចាប់ផ្តើមពីអ្វីដែលស្រួលជាងគេ បន្ទាប់មកទៅស្រួលបន្ទាប់ ហើយទុកម៉ោងចុងក្រោយធ្វើសំណួរ ឬលំហាត់ណាដែលលំបាកបំផុត។ ជួនកាលសំណួរ ឬលំហាត់លំបាកបំផុតក៏ខ្ញុំទុកចោលដែរ (មិនធ្វើ)។ ហេតុដូចនេះហើយ បានជាជួនកាលខ្ញុំដើរចេញពីបន្ទប់ប្រឡងមុនគេ។ ខ្ញុំសង្កេតឃើញថា មានអ្នកខ្លះ ចូលចិត្តចាប់ផ្តើមពីសំណួរ ឬលំហាត់លំបាកមុន រហូតដល់ទីបំផុតគឺអស់ម៉ោង ជួនកាលអាលំបាកក៏ធ្វើអត់ហើយ អាស្រួលក៏ធ្វើអត់បានហើយដែរ។

អ្វីដែលជាសំណេររបស់ខ្ញុំខាងលើនេះ គ្រាន់តែជាការរំលែកនូវបទពិសោធន៍ដែលខ្ញុំធ្លាប់ទទួលបានកន្លងមក ហើយក៏ខ្ញុំយល់ថា អ្នកខ្លះក៏មានបទពិសោធន៍ស្រដៀងនេះ ឬប្រសើរជាងនេះ។ ជារួមខ្ញុំគ្រាន់តែចង់បញ្ជាក់បន្ថែមថា «រៀន» ជាកិរិយាស័ព្វ ឬជាសកម្មភាព ហើយបើលោក អ្នកចង់ក្លាយជាអ្នករៀនពូកែ សូមអនុវត្ត ការអាន សរសេរ ស្តាប់ បង្រៀន ឬពន្យល់បន្ត ការពិភាក្សាគ្នា និងការរំលឹកឡើងវិញឲ្យបានទៀងទាត់ ជាពិសេស ធ្វើឲ្យក្លាយជាមានទម្លាប់   «សរសេរនូវអ្វីដែលបានយល់ដឹង និងឧស្សាហ៍អានឡើងវិញនូវអ្វីដែលបានសរសេរ»។ ខ្ញុំនឹងធ្វើការចែករំលែកនូវអត្ថបទមួយបន្ថែមទៀតទាក់ទងការងារល្អ ឬរៀនយ៉ាងម្តេចទើបទទួលបានការងារល្អ?

បណ្ឌិត យ៉ង សាំងកុមារ

Comments
Loading...