អ្នកមិនអាចដឹកនាំបានទេ ពេលអ្នកភ័យខ្លាច

0 1,782

សេចក្តីភ័យខ្លាចបំផ្លាញជីវិតស្រស់ថ្លារបស់អ្នក ច្រើនជាងអ្វីដែលអ្នកអាចគិតដល់។ ក្នុងគុណសម្បត្តិជាមនុស្ស យើងគ្រប់គ្នាមានសក្តានុពល ក្លាយជាអ្នកដឹកនាំដោយមិន​ចាំបាច់មានឋានៈ​តួនាទី ហើយអាចសម្រេចកិច្ចការធំៗ ដែលជួយជំរុញទឹកចិត្តអ្នក​នៅជុំវិញយើង តាមរយៈភាពជាគំរូឈានមុខរបស់យើង។ ក៏ប៉ុន្តែ សំឡេងភ័យខ្លាច ដែលបន្លឺតិចៗ ចេញពីគំនិត​របស់អ្នក រារាំងអ្នក​មិនឲ្យហ៊ានធ្វើកិច្ចការ​ធំៗទាំងឡាយដែល​អ្នកចង់សាកល្បង។
កាលពីឆ្នាំមុន ខ្ញុំមានឱកាសបាន​ទៅកំសាន្តនៅ​ប្រទេសនូវែលសេឡង់​រយៈពេល ៣សប្តាហ៍។ ពេលនោះ ខ្ញុំមានលទ្ធភាពបានទៅ​លេងកីឡាជិះស្គីនៅ​លើភ្នំ។ ឧទ្ធម្ភាគចក្រ​បានយកអ្នក​ទៅទម្លាក់នៅ​លើកំពូលភ្នំ រួចអ្នកត្រូវជិះស្គី​ចុះមកក្រោម។ វាជាបទពិសោធន៍​មួយ​នៃការប្រឈម ការរំភើប និងពោរពេញដោយ​មេរៀនសម្រាប់​ការរីកលូតលាស់។ ខាងក្រោមនេះ ជាមេរៀនខ្លះៗ​ដែលយើងអាចយក​មកអនុវត្តសម្រាប់ការ​ដឹកនាំធុរកិច្ច និងជីវិត។

១. អ្នកមិនរីកលូតលាស់ទេនៅក្នុងស្ថានភាពងាយស្រួល

            អ្វីដែលខ្ញុំចង់និយាយគឺថា បើអ្នកស្ថិតក្នុងស្ថានភាពដែលសុខស្រួល អ្នកនឹង​មិនលូតលាស់​ទៅមុខទេ។ ក៏ប៉ុន្តែ បើអ្នកហ៊ានប្រឈម​តទល់នឹងអ្វីដែល​អ្នកខ្លាច ដើរទៅដល់ដែន​កំណត់​របស់អ្នក អ្នកនឹងដឹងថា ដែនកំណត់របស់​អ្នកនឹងលូតទៅ​មុខតទៀត។

២. អ្នកមិនដឹងទេ រហូតទាល់តែអ្នកសាកល្បង

           វាងាយស្រួលណាស់ដែលខ្ញុំអាចបដិសេធឱកាស​ក្នុងការជិះស្គីពី​លើភ្នំខ្ពស់ដែល​គួរឲ្យខ្លាច។ ខ្ញុំអាចស្វែងរកលេសរាប់ពាន់​ក្នុងការបដិសេធធ្វើរឿងនេះ។ ក៏ប៉ុន្តែ អ្នកដឹកនាំដែលមិនចាំបាច់​មានឋានៈតួនាទី​ មិនឲ្យឱកាសដ៏ល្អ​នេះរំលងបានទេ។ ដូច្នេះ ខ្ញុំក៏ចាប់យកឱកាសដ៏កម្រ​នេះ ដើម្បីទទួលបាន​បទពិសោធន៍ថ្មី។ ដោយសារតែខ្ញុំបានសាកល្បង​ជិះស្គីពីកំពូលភ្នំ ខ្ញុំមិនគ្រាន់តែ​ក្លាយជាអ្នកជិះស្គី​ដ៏ពូកែជាងមុនទេ គឺខ្ញុំទទួលបាន​បទពិសោធន៍​និងភាពខ្លាំង​ក្នុងជីវិត ដែលមានអត្ថប្រយោជន៍​សម្រាប់កិច្ចការធំៗផ្សេងទៀត។

៣. នៅជ្រុងម្ខាងទៀតនៃសេចក្តីភ័យខ្លាចរបស់អ្នក អ្នកនឹងរកឃើញភាពជឿជាក់របស់អ្នក

              នៅពេលដែលយើងហ៊ានធ្វើរឿង​ដែលយើងភ័យខ្លាច ដែលវានៅខ្ពស់ហួស​ពីភាព​ងាយស្រួល​របស់យើង ភាពជឿជាក់របស់យើង​នឹងលូតខ្ពស់​ជាងមុន។ នៅពេលដែលភាព​ជឿជាក់​របស់ខ្ញុំកើនខ្ពស់​ជាងមុន ក្នុងការជិះស្គី​ពីកំពូលភ្នំ វាក៏បង្កើនភាពជឿជាក់​របស់ខ្ញុំក្នុងការធ្វើធុរកិច្ច និងក្នុងការរស់​នៅផងដែរ។

 ៤. ជីវិតរបស់យើងខ្លីណាស់ ចូរចាប់ផ្តើមប្រយុទ្ធជាមួយនឹងភាពភ័យខ្លាចរបស់យើង

            ជីវិតមួយដែលសម្បូរបែប​គឺជាជីវិតមួយដែល​ឆ្លងកាត់ការផ្សងព្រេង​ជាច្រើន។ ចូរកុំបោះបង់​ឱកាសសម្រាប់ការរីកលូតលាស់​នៃជីវិតអ្នក ហើយចូររីករាយ​ជាមួយការសាកល្បង​អ្វីដែលថ្មី ដែលនៅខ្ពស់ហួស​ពីភាពសុខស្រួល​របស់អ្នក។


— ដកស្រង់ពីអត្ថបទរបស់ Robin Sharma, “You can’t lead in fear” in the robinsharma.com/blog.

— ប្រែសម្រួលដោយ សាម អ៊ីន, សីហា ២០១៧

— អត្ថបទទាក់ទង ៖

Comments
Loading...